សម្តេចកិត្តិសង្គហបណ្ឌិត នាយឧត្តមសេនីយ៍ ម៉ែន សំអន និងជាប្រធានគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ បានអញ្ជើញជាអធិបតីក្នុងពិធីជួបជុំអតីតយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន ៦៦៧នាក់ មកពី១៨ រាជធានី-ខេត្ត ដើម្បីបើកប្រាក់ឧបត្ថម្ភគោលនយោបាយ ១លើក ក្រោយពេលដាក់ឱ្យសោធននិវត្តន៍ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ។
សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំ នូវការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់និវត្តន៍ជននៃគណៈយុទ្ធមិត្ត ដោយសេចក្តីនឹករលឹក និងបានផ្តាំផ្ញើរឲ្យនិវត្តជនទាំង អស់ត្រូវថែរក្សាសុខភាព និងចូលរួមចំណែកអភិវឌ្ឍន៍នៅមូលដ្ឋាន ប្រែក្លាយការដឹងគុណ សម្តេចតេជោ ទៅសកម្មកភាពការពារសន្តិភាព និង ស្ថេរភាពនៅមូលដ្ឋានរៀងៗខ្លួន។
ថ្លែងក្នុងឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងអំពីការបង្កើតគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ គឺក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ជាមគ្គុទេសឯក និងជាស្ថាបនិកនយោបាយឈ្នះ ឈ្នះ ដែលមានគោលដៅវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ រំដោះប្រទេសជាតិ សង្គ្រោះអាយុជីវិត ប្រជាជនកម្ពុជា និងមានវិសាលភាពអនុវត្តតែចំពោះយុទ្ធជន យុវនារីដែលបានចូលបម្រី កងទ័ពចាប់ពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ១៩៧៨ និងស្ថិតក្រោមដឹកនាំ គ្រប់គ្រងបញ្ជាដោយ ផ្ទាល់របស់ សម្តេចតេជោ នាពេលនោះតែប៉ុណ្ណោះ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើ ឲ្យត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ការពារសមិទ្ធិផលរបស់រាជរដ្ឋាភិបាល និងសមិទ្ធិផល របស់គណបក្សឲ្យនៅស្ថិតស្ថេរគង់វង់សម្រាប់ទុកជាកេរ្តិ៍ដំណែលដល់កូនចៅជំនាន់ក្រោយ ,ត្រូវអប់រំកូនចៅអោយក្លាយ ជាកូនល្អ សិស្សល្អ ពលរដ្ឋល្អនៅក្នុងសង្គមជាតិ រស់នៅ គោរពច្បាប់ចរាចរណ៍ និងចាក់ឆ្ងាយពីគ្រឿងញៀន ក្រុមក្មេងអន្ធពាល អាណាធិបតេយ្យ ដែលបានបំផ្លាញ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុង សង្គមជាតិយើង និងចូលរួមការពារអនាម័យបរិស្ថានឱ្យបានស្អាត ដើម្បីខ្លួនយើង ដើម្បី ទាំងអស់គ្នា និងដើម្បីកិត្តិយសមោទនភាពជាតិរបស់យើង។
ទន្ទឹមនឹងនោះផងដែរ អតីតយុទ្ធជនដែលបានទទួលបានប្រាក់ឧបត្ថម្ភពី រាជរដ្ឋាភិបាល ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលតែងតែបានគិតគូរដល់សុខទុក្ខអតីតកងទ័ពនាពេលនេះ ដោយបានបង្ហាញ អំពីការយកចិត្តទុក្ខដាក់ និងការទទួលខុសត្រូវខ្ពស់ អំពីជីវភាពរស់នៅរបស់កងទ័ព៕
អត្ថបទ៖ ពុទ្ធិកា