រាជរដ្ឋាភិបាលអាណត្តិទី៧ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតលើការអភិវឌ្ឍធនធានមនុស្ស ក្នុងការអភិវឌ្ឍន៍ប្រទេសឆ្ពោះទៅកាន់ប្រទេសចំណូលខ្ពស់ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។ នេះបើតាមការបញ្ជាក់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការ សាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា កម្ពុជានឹងមិនអាចសម្រេចគោលដៅ ក្លាយជាប្រទេសចំណូលខ្ពស់បាននោះទេ ប្រសិនបើធនធានមនុស្ស មិនមានចំណេះដឹងសមត្ថភាពជំនាញ មិនអាចប្រកួតប្រជែងលើឆាកអន្តរជាតិ មិនមានសុខភាពល្អ និងមិនមានសមត្ថភាពចូលរួមក្នុងការកសាងមូលដ្ឋានសង្គមសេដ្ឋកិច្ច និងឧស្សាហកម្មដោយផ្អែកលើចំណេះដឹង ។
ជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមថា មិនមែនជារឿងចៃដន្យនោះទេ ដែល«យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» បានកំណត់យកអាទិភាពគន្លឹះ ចំនួន ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ពោលគឺយកត្តាមនុស្ស ជាអាទិភាពខ្ពស់បំផុត ។ មនុស្សគឺជាកត្តាស្នូលនៃគោលនយោបាយរបស់រដ្ឋាភិបាល ដូច្នេះហើយការអប់រំ បណ្តុះបណ្ដាលធនធានមនុស្ស គឺជាយុទ្ធសាស្ត្រវិនិយោគវែងឆ្ងាយ របស់រាជរដ្ឋាភិបាល ដើម្បីបង្កើតមូលដ្ឋានសង្គមសេដ្ឋកិច្ច និងឧស្សាហកម្ម ដែលផ្ដោតលើជំនាញ និងចំណេះដឹង ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានយកចិត្តទុកដាក់លើការអប់រំ និង ការបណ្តុះបណ្តាលដើម្បីបង្កើនធនធានមនុស្ស ដែលជាមូលដ្ឋាននៃការអភិវឌ្ឍប្រទេស ដោយបានបន្តខិតខំកែទម្រង់វិស័យអប់រំគ្រប់កម្រិត រួមទាំងការដាក់ចេញគោលនយោបាយ និងវិធានគន្លឹះនានា ឱ្យអនុវត្តដើម្បីបង្កើនគុណភាពអប់រំ ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងតម្លាភាព ឈានឆ្ពោះទៅសម្រេចបាននូវគោលដៅប្រែក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាមាន ចំណូលខ្ពស់ឆ្នាំ២០៥០៕
អត្ថបទ៖ ពុទ្ធិកា