សមាគមសិល្បករខ្មែរ នឹងរៀបចំព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា» នៅខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយវប្បធម៌ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ។ ពិធីនេះនឹងរៀបចំឡើងចាប់ពីថ្ងៃទី១២ ដល់១៦ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ នៅអតីតទីស្នាក់ការអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំរមណីយដ្ឋានអង្គរ។
ជាមួយនឹងការរៀបចំកម្មវិធីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឲ្យពលរដ្ឋនិងភ្ញៀវទេសចរ ចូលរួមព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា»នេះ ឲ្យបានច្រើនកុះករ ខណៈកម្មវិធីនេះ នឹងមាន កម្មវិធីកម្សាន្ត ការបង្ហាញពិព័រណ៍ខ្នាតតូចនៃមុខម្ហូបខ្មែរ បង្កើតនូវស្នាដៃផ្សព្វផ្សាយពីវប្បធម៌ បង្កបរិយាកាស និងកម្មវិធីផ្សេងៗមួយចំនួនទៀត ដើម្បីជាស្នាមញញឹមដល់ភ្ញៀវទេសចរដែលបានមកចូលរួម ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីពិសេសមួយគឺ «ទស្សនាសៀមរាបឆ្នាំ២០២៤» អមដោយវិធានការមួយចំនួនដើម្បីជំរុញវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបឱ្យមានសម្ទុះងើបឡើងវិញ ក្រោយពីខេត្តមួយនេះ បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេនៅក្នុងចំណោមបណ្តាគោលដៅទេសចរណ៍ផ្សេងៗទៀតដោយសារវិបត្តិជំងឺកូវីដ១៩ ។
រាជរដ្ឋាភិបាលអាណត្តិទី៧ នៅតែបន្តចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ, ការបង្កើនប្រាក់ចំណូល ជូនប្រជាជនដោយផ្ទាល់ និង ដោយប្រយោល, ការជំរុញការនាំចេញនៅនឹងកន្លែង, ការទ្រទ្រង់កំណើនសេដ្ឋកិច្ច, ការបង្កើនចំណូលជាតិ, ការចូលរួមដល់ការអភិរក្ស វប្បធម៌ និង ការថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់៕
អត្ថបទ៖ ពុទ្ធិកា