សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មោទនភាពដែលសាកលវិទ្យាល័យ ឌី ម៉ុនហ្វត (De Montfort University Cambodia) សម្រេចជ្រើសរើសកម្ពុជាជាទីតាំងវិនិយោគរយៈពេលវែងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ថ្លែងក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ “សាកលវិទ្យាល័យ ឌី ម៉ុនហ្វត កម្ពុជា – De Montfort University Cambodia” នៅព្រឹកថ្ងៃទី៨ សីហា ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សាកលវិទ្យាល័យ ឌី ម៉ុនហ្វត គឺជាសាកលវិទ្យាល័យទីមួយដែលមានស្តង់ដារបស់អង់គ្លេស ដែលបានបង្ហាញវត្តមានជារូបវ័ន្តនៅកម្ពុជា និងជាសាខាសាកលវិទ្យាល័យ ឌី ម៉ុនហ្វត ដំបូងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
សម្តេចធិបតីបានថ្លែងពិតជាមានមោទនភាពក្រៃលែងដែលសាកលវិទ្យាល័យ ឌី ម៉ុនហ្វត សម្រេចជ្រើសរើសកម្ពុជា ជាទីតាំងវិនិយោគរយៈពេលវែងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ សម្តេចធិបតីបានថ្លែងបន្តថា វត្តមាននេះបង្ហាញពីការទទួលស្គាល់គុណភាពអប់រំរបស់កម្ពុជា និងសមត្ថភាពរបស់និស្សិតខ្មែរថា អាចចូលរៀនបាន, ទទួលយកការអប់រំកម្រិតខ្ពស់ និងមានសមត្ថភាពប្រកួតប្រជែងក្នុងបរិការណ៍នៃស្តង់ដារ អប់រំកម្រិតអន្តរជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា សាកលវិទ្យាល័យ De Montort បានសម្រេចជ្រើសរើស ប្រទេសកម្ពុជា ជាគោលដៅសម្រាប់បើកសាខារបស់ខ្លួន ដោយសារតែសាកលវិទ្យាល័យនេះ បានទទួលស្គាល់ថា ប្រទេសកម្ពុជាផ្តល់តម្លៃលើវិស័យអប់រំ តាំងពីកម្រិតមូលដ្ឋាន រហូតដល់កម្រិតឧត្តមសិក្សា។ លើសពីនេះ សាកលវិទ្យាល័យបានមើលឃើញថា ការអប់រំកំពុងតែមានឥទ្ធិពលលើការអភិវឌ្ឍ របស់ប្រទេសកម្ពុជា ខណៈដែលរាជរដ្ឋាភិបាល នៅតែបន្តឥតឈប់ឈរក្នុងការពង្រឹងគុណភាព និង បង្កើន សក្ដានុពលរបស់វិស័យអប់រំ ព្រមទាំងលើកកម្ពស់អន្តរជាតិនីយកម្ម៕
អត្ថបទ៖ អក្ខរា