សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានគូសបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ នឹងជួយជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀតនៅពេលខាងមុខ ជាពិសេសតំបន់ភាគនិរតី នៃកម្ពុជា នឹងក្លាយទៅជាកន្លែងដាំដុះ និងបៃតងគ្រប់រដូវ។ ការគូសបញ្ជាក់របស់សម្តេចតេជោដូចនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងសម្តេច និងលោក អាសាដ យ៉ាកុប (Asad Yaqub) តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នៃធនាគារពិភពលោក ប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ព្រែកជីកនេះ នឹងផ្ដល់ជាប្រភពទឹកដ៏សំខាន់សម្រាប់ប្រជាកសិករធ្វើស្រែ ដំណាំផ្សេងៗទៀត ជួយជម្លៀសទឹកជំនន់ និងលើកតម្កើងវិស័យទេសចរណ៍ទៀតផង។ ការជីកព្រែកនេះ ពិតជាមានសារៈសំខាន់ដែលធ្វើឱ្យតម្លៃដឹកជញ្ជូនអាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសផ្សេងបាន ព្រោះការដឹកជញ្ជូនតាមផ្លូវគោកត្រូវចំណាយច្រើនជាងការដឹកជញ្ជូនតាមផ្លូវទឹក។
ជាមួយគ្នានេះ លោក Asad Yaqub អាសាដ យ៉ាកុប បានអបអរសាទរកម្ពុជា ក្នុងឱកាសនៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ សីហាកន្លងទៅ។ ហើយលោកក៏បានកោតសរសើរចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងសារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ក្នុងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនផងដែរ។
គួរបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ ដែលជាព្រែកតភ្ជាប់ផ្លូវទឹកពីទន្លេទៅកាន់សមុទ្រក្នុងកម្ពុជា បានបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅវេលាម៉ោង៩ និង៩នាទីព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។
ព្រែកជីកហ្វូណនតេជោ មានប្រវែង ១៨០ គីឡូម៉ែត្រ ដោយឆ្លងកាត់ ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ។ ព្រែកជីកនេះ មានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ ម៉ែត្រ ,ទទឹងមុខកាត់ផ្នែកខាងក្រោមប្រវែង ៨០ ម៉ែត្រ ,ជម្រៅទឹក: ៥,៤ ម៉ែត្រ ,គន្លងនាវាចរណ៍ មាន២ គន្លង និងសន្ទះផ្លូវនាវាចរណ៍ចំនួន ៣កន្លែង ដែលស្ថិតនៅខេត្តកណ្តាល តាកែវ និងកែប។ គម្រោងព្រែកជីកនេះ គ្រោងចំណាយថវិកាសាងសង់ប្រមាណ១៧០០លានដុល្លារ និងប្រើប្រាស់រយៈពេលសាងសង់ ចំនួន៤ឆ្នាំ៕
អត្ថបទ៖ ពុទ្ធិកា