លោក អ៊ាង សុផល្លែត៖ កម្ពុជាគឺជាផ្ទះដែលពេញដោយស្នាមញញឹម និងឱកាសវិនិយោគជាច្រើនសម្រាប់មិត្តធុរជនជាតិ-អន្តរជាតិ

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវិនិយោគិនជាតិ អន្តរជាតិទាំងអស់ ដែលមានបំណងជួយឱ្យកម្ពុជាមានភាពស្អាត កម្ពុជាមានភាពបៃតង និងរក្សាបានភាពស្អាត និងភាពបៃតងនេះជារៀងរហូតទៅ។

នៅក្នុងសន្និសីទស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នា កម្ពុជា-ជប៉ុន ក្រោមប្រធានបទ ចាប់យកឱកាសធុរកិច្ចនៃឥណទានកាបូន នៅកម្ពុជាដោយប្រើប្រាស់បច្ចេកវិទ្យាបៃតង និងលំហអាកាសទំនើបចុងក្រោយបំផុតរបស់ប្រទេសជប៉ុន នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ លោក អ៊ាង សុផល្លែត បានថ្លែងបញ្ជាក់ថា កម្ពុជាគឺជាផ្ទះដែលពេញដោយស្នាមញញឹម និងឱកាសវិនិយោគជាច្រើនសម្រាប់មិត្តធុរជនជាតិ-អន្តរជាតិ។

ជាមួយគ្នានេះ លោកបានកោតសរសើរចំពោះការប្តេជ្ញាចិត្ត របស់ធុរជនគ្រប់រូប ដែលបានរួមចំណែកក្នុងការធ្វើឱ្យមានកំណើនសេដ្ឋកិច្ច និងប្រកបដោយភាពបៃតង ស្អាត និងចីរភាព ជាមួយគ្នានេះ ការនាំមកនូវបច្ចេកវិទ្យា គឺជាកត្តាជំរុញឱ្យល្បឿននៃការវិនិយោគវិវឌ្ឍទៅបានលឿន និងឆាប់រហ័ស ប៉ុន្តែយ៉ាងណា ត្រូវតែគិតមុនគេទៅដល់ប្រាក់ចំណូល និងផលប្រយោជន៍របស់ប្រជាកសិករខ្មែរ ដែលស្របនឹងគោលនយោបាយជាតិ ឆ្ពោះទៅជាប្រទេសមានចំណូលខ្ពស់កម្រិតមធ្យមនៅឆ្នាំ ២០៥០ និងក្លាយជាប្រទេសអព្យាក្រឹតកាបូន តាមរយៈការបង្កើនគម្របព្រៃឈើ ៦០% នៅឆ្នាំ ២០៥០។

សូមជម្រាបថា សន្និសីទស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នា កម្ពុជា-ជប៉ុន ក្រោមប្រធានបទ ចាប់យកឱកាសធុរកិច្ចនៃឥណទានកាបូន នៅកម្ពុជាដោយប្រើប្រាស់បច្ចេកវិទ្យាបៃតង និងលំហអាកាសទំនើបចុងក្រោយបំផុតរបស់ប្រទេសជប៉ុននេះ បានរៀបចំដោយអង្គការពាណិជ្ជកម្មក្រៅប្រទេស របស់ប្រទេសជប៉ុន(JETRO) ទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) និងសមាគមឧកញ៉ាកម្ពុជា។ វេទិកានេះប្រព្រឹត្តទៅក្នុងគោលបំណង បង្កើនការយល់ដឹងដល់ធុរជនតាមរយៈបច្ចេកវិទ្យា និងបង្កើននូវឱកាសអាជីវកម្មថ្មីៗ ដើម្បីបង្កើតប្រភពចំណូលមួយផ្សេងទៀត តាមរយៈការលក់ឥណទានកាបូន និងពង្រីកអាជីវកម្ម តាមរបៀបបៃតង និងនិរន្តរភាព៕