ឆ្លើយតបទៅនឹងមតិរបស់ប្រជាពលរដ្ឋមួយចំនួនតូច ដែលបានបង្ហាញក្តីបារម្ភ ចំពោះគម្រោងព្រែកជីកនេះ ថានឹងធ្វើកម្ពុជាបាត់បង់ទឹកដី ឬអធិបតេយ្យជាតិនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសធានាថា នៅពេលគម្រោងព្រែកជីកហ្វូណនតេជោសាងសង់រួចរាល់ នឹងមិនធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីនោះទេ តែផ្ទុយទៅវិញគម្រោងនេះ បានផ្តល់នូវផលប្រយោជន៍មហាសាលដល់កម្ពុជា។
ក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ទោះបីជាប្រជាពលរដ្ឋយើងច្រើន លើសលុបយល់ពីតម្លៃនៃគម្រោងព្រែកជីកនេះ ក៏មានបងប្អូនមួយចំនួន មានការបារម្ភ និងកង្វល់ខ្លាចបាត់បង់ទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា ដោយការគ្រប់គ្រងដោយបរទេស។ សម្រាប់ខ្ញុំដោយសារកង្វល់នេះហើយ ដែលចាំបាច់យើងត្រូវឆ្លើយតប ពន្យល់បង្ហាញឱ្យច្បាស់។ ដើម្បីដោះស្រាយឆ្លើយតបទៅនឹងកង្វល់ និងភាពមន្ទិលសង្ស័យ ដែលយើងដាច់ខាតត្រូវតែ ធ្វើព្រែកជីកនេះឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ បើយើងមិនធ្វើ យើងមិនត្រឹមតែបាត់បង់ ការពង្រឹងអធិបតេយ្យភាព ការពង្រឹងសក្តានុពលសេដ្ឋកិច្ចនោះទេ យើងបាត់បង់នូវទុកចិត្ត និងសាមគ្គីភាពរបស់ជាតិខ្មែរថែមទៀត»។
សម្តេចធិបតី បានបន្តថា គម្រោងព្រែកជីកហ្វូណនតេជោ មិនអាចបាត់បង់ទឹកដីនោះទេ ព្រោះព្រែកជីកនេះ ស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានបង្គោលព្រំដែនរួចហើយ ដែលមានប្រជាពលរដ្ឋរស់នៅរាប់លាននាក់។ សម្តេចបន្ថែមទៀថា ព្រែកជីកហ្វូណនតេជោ មិនមែនជាការវិនិយោគរបស់ក្រុមហ៊ុនបរទេស ១០០% នោះឡើយ គឺក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជា កាន់កាប់ភាគហ៊ុនធំ រហូតដល់ ៥១ភាគរយ។
គួរបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ ជាគម្រោងផ្លូវទឹកតភ្ជាប់ពីទន្លេទៅកាន់សមុទ្ររបស់កម្ពុជា មានប្រវែង ១៨០ គីឡូម៉ែត្រ ដោយឆ្លងកាត់ ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ។ ព្រែកជីកនេះ មានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ ម៉ែត្រ ,ទទឹងមុខកាត់ផ្នែកខាងក្រោមប្រវែង ៨០ ម៉ែត្រ ,ជម្រៅទឹក: ៥,៤ ម៉ែត្រ ,គន្លងនាវាចរណ៍ មាន២ គន្លង និងសន្ទះផ្លូវនាវាចរណ៍ចំនួន ៣កន្លែង ដែលស្ថិតនៅខេត្តកណ្តាល តាកែវ និងកែប។ គម្រោងព្រែកជីកនេះ គ្រោងចំណាយថវិកាសាងសង់ប្រមាណ១៧០០លានដុល្លារ និងប្រើប្រាស់រយៈពេលសាងសង់ ចំនួន៤ឆ្នាំ៕
អត្ថបទ៖ ពុទ្ធិកា