សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គម្រោង «ព្រែកជីកហ្វូណនតេជោ» បានបង្ហាញពីស្មារតីជាតិនិយមមួយរបស់សង្គមខ្មែរ

ថ្លែងពីវេទិកាបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា “យើងមានគម្រោងជាច្រើនតម្លៃរាប់រយលានដុល្លារ និងខ្លះរាប់ពាន់លានដុល្លារ ប៉ុន្តែសម្រាប់គម្រោង “ព្រែកជីកហ្វូណនតេជោ” បានបង្ហាញពីស្មារតីជាតិនិយមមួយរបស់សង្គមខ្មែរ”។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ២០០០ឆ្នាំក្រោយមក យើងបានបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ យកលំនាំតាមចក្ខុវិស័យរបស់បុព្វបុរសយើង។ សម្តេចធិបតី បានបន្ថែមថា “គម្រោងព្រីកជីកហ្វូណនតេជោនេះ នឹងក្លាយជាមរតកប្រវត្តិសាស្រ្តសម្រាប់កូនខ្មែរជំនាន់ក្រោយ”។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីបើកការដ្ឋានសាងសង់ជាផ្លូវការព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

គម្រោងព្រែកជីកនេះមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ដែលតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់រួចចូលតាមព្រែកតាហ៊ឹងនៃទន្លេបាសាក់ក្នុងស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ៕

អត្ថបទ៖ អក្ខរា