លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានថ្លែងកោតសរសើរចំពោះការរីកចម្រើនរបស់កម្លាំងយុវជនកាកបាទក្រហមកម្ពុជា នៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សានិងគ្រឹះស្ថានមធ្យមសិក្សានៅទូទាំងប្រទេស ដែលមានសកម្មភាពរស់រវើកក្នុងការងារមនុស្សធម៌ និងការងារសង្គម។
ការថ្លែងរបស់លោកជំទាវបណ្ឌិត ដូចនេះបានធ្វើឡើងនៅកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនកាកបាទក្រហមកម្ពុជា និងលើកទិសដៅការងារបន្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណៈកម្មាធិការកណ្តាល ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន មន្ត្រីទីស្នាក់ការកណ្តាល សាកលវិទ្យាធិការ ប្រធានកិត្តិយសក្លឹបយុវជន ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន ២៥ ក្នុងរាជធានីភ្នំពេញ សរុបប្រមាណចំនួន១៣១ នាក់ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបញ្ជាក់ថា នៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាចំនួន ២៥ ក្នុងរាជធានីភ្នំពេញ និងគ្រឹះស្ថានមធ្យមសិក្សាចំនួន ៦០៣ នៅទូទាំងប្រទេស ហើយកម្លាំយុវជនទាំងនោះបានទទួលការបណ្តុះបណ្តាលវគ្គមូលដ្ឋាន និងវិជ្ជាសង្គ្រោះបឋម និងមានសកម្មភាពរស់រវើកក្នុងការងារមនុស្សធម៌ និងការងារសង្គម ព្រមទាំងមានការយល់ដឹងពីគោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ ដោយទទួលបានការលើកកម្ពស់ក្នុងភាពជាអ្នកដឹកនាំ និងលើទំនាក់ទំនងសហប្រតិបត្តិការជាតិ និងអន្តរជាតិ ផងដែរ ។
លោកជំទាវបណ្ឌិត បានបន្តថា វឌ្ឍនភាពការងារទាំងអស់នេះ គឺបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងឆន្ទៈនៃការលះបង់កម្លាំងកាយចិត្ត ពេលវេលាប្រកបដោយការទទួលខុសត្រូវខ្ពស់ របស់ប្រធានគណៈកម្មាធិការសាខាទាំង ២៥ រាជធានី-ខេត្ត ក៏ដូចជាឯកឧត្តម លោកជំទាវ សាកលវិទ្យាធិការ នាយកវិទ្យាស្ថាន ដែលជាប្រធានកិត្តិយសក្លឹប ក្នុងការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ផ្តល់សារៈសំខាន់ទៅលើកម្លាំងយុវជន ដែលជាអ្នកស្ម័គ្រចិត្តវ័យក្មេងរបស់យើង ។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំក៏បានគាំទ្រអនុសាសន៍របស់ លោកជំទាវបណ្ឌិត លើចែករំលែកនូវបទពិសោធន៍ក្នុងការលើកកម្ពស់ និងការចូលរួមរបស់យុវជននៅក្នុងសកម្មភាពមនុស្សធម៌ និងវិធីសាស្រ្តនៃការដោះស្រាយបញ្ហាប្រឈមនានា ក្នុងដំណើរការពង្រឹង និងកសាងកម្លាំងយុវជនថ្មី នៅតាមគ្រឹះស្ថានឧត្តមសិក្សា ដើម្បីអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស ក្នុងការពង្រឹងតួនាទីស្នូលរបស់យុវជន ដើម្បីសម្រេចបានសមិទ្ធផលធំធេងជាបន្តបន្ទាប់ក្នុងបុព្វហេតុមនុស្សធម៌ដ៏ធំមួយនេះ ៕
អត្ថបទ៖ ពុទ្ធិកា