ព្រះមហាក្សត្រ និងសម្តេចម៉ែ ចូលរួមអបអរសាទរ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើព្រះរាជសារជូនពរជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុរបស់ សម្តេចតេជោ នៅថ្ងៃទី០៥ សីហា ២០២៤។

ក្នុងព្រះរាជសារ ព្រះមហាក្សត្រ និងសម្តេចម៉ែ កោតសរសើរដ៏ខ្ពង់ខ្ពស់ចំពោះ សម្តេចតេជោ ដែលមានវីរភាព ដ៏ឧត្តុង្គឧត្តម មានគុណបំណាច់ដ៏ថ្លៃថ្លា ក្នុងភារកិច្ចជាអគ្គមគ្គុទ្ទេសក៍ដឹកនាំប្រទេសប្រកបដោយ គតិបណ្ឌិតដ៏ឆ្នើម ប៉ិនប្រសប់ និងឈ្លាសវៃ ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ និងទទួលបានមហាជោគជ័យក្នុង ការដឹកនាំប្រទេសជាតិ ទទួលបាននូវភាពល្បីរន្ទឺនៅលើឆាកអន្តរជាតិ។

មហាក្សត្រ មានព្រះរាជបន្ទូលថា៖ “ប្រជារាស្ត្រកម្ពុជាមានការពេញចិត្ត ក៏ដូចជា ខ្ញុំ មានការពេញហឫទ័យ សូមកោត​សរសើរ ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះវឌ្ឍនភាពឥតឈប់ឈរទាំងយប់ ទាំងថ្ងៃ ក្រោមការដឹកនាំប្រកបដោយ ទេពកោសល្យដ៏ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ដែលបានដឹកនាំព្រះរាជាណា ចក្រកម្ពុជា និងប្រជាជាតិមានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ”។

ក្នុងព្រះរាជសារ ព្រះមហាក្សត្រ និងសម្តេចម៉ែ សូមចូលរួមអបអរសាទរ ការបើកការដ្ឋានសាងសង់ព្រែកជីក​ហ្វូណន​តេជោ ដែលជាគំនិតផ្ដួចផ្ដើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ដើម្បីទុកជា កេរមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយ និងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គមសេដ្ឋកិច្ចកម្ពុជា៕

អត្ថបទ៖ អក្ខរា

TEP SONY/AFP/Getty Images