បេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា កោតសរសើរការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា

ក្នុងឱកាសនៃជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម អ៊ូ កូកូ ឡាំង (U Ko Ko Hlaing) បេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានថ្លែងកោតសរសើរចំពោះការអភិវឌ្ឍដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជា នៅរៀងរាល់ដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់កម្ពុជា។

ឯកឧត្តម អ៊ូ កូកូ ឡាំង បានវាយតម្លៃខ្ពស់អំពីមិត្តភាព និងទំនាក់ទំនងដ៏ល្អប្រសើររវាងមីយ៉ាន់ម៉ា និងកម្ពុជា និងជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។ ឯកឧត្តម អ៊ូ កូកូ ឡាំង បានគោរពជម្រាបជូនសម្តេចធិបតី អំពីស្ថានភាពវិវត្តន៍នាពេលថ្មីៗ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

សម្ដេចធិបតី បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម អ៊ូ កូកូ ឡាំង នៅកម្ពុជា និងបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-មីយ៉ាន់ម៉ា នៅមានសក្តានុពល លើវិស័យជាច្រើន។ សម្ដេចធិបតី សង្ឃឹមថា ស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា នឹងត្រូវបានដោះស្រាយ ក្នុងពេលអនាគតដ៏ខ្លី។

នាឱកាសនៃជំនួប វិស័យសក្តានុពលមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានលើកឡើង មានជាអាទិ៍៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន៕