រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះពិនិត្យមើលទីតាំងសម្រាប់សាងសង់ទារកដ្ឋាន និងពិនិត្យសង្វាក់ផលិតកម្មដ៏ទំនើបរបស់រោងចក្រ ម៉ាវ៉ល 

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ បានចុះពិនិត្យមើលទីតាំងសម្រាប់សាងសង់ទារកដ្ឋាន និងពិនិត្យសង្វាក់ផលិតកម្មដ៏ទំនើបក្នុងតំបន់រោងចក្រម៉ាវ៉ល ហ្កាមិន ដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានត្រួតពិនិត្យដោយផ្ទាល់នៅទីតាំងសាងសង់ជាទារកដ្ឋាននៅក្នុងតំបន់រោងចក្រនេះ សម្រាប់ការមើលថែទាំកូនៗរបស់កម្មករនិយោជិត ដែលមានអាយុចាប់ពីទារកក្រោយពេលកើតរហូតដល់អាយុ ៣ឆ្នាំ។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមន្រ្តីជំជំនាញរបស់ក្រសួងបន្តធ្វើការសហការជាមួយភាគីរោងចក្រដើម្បីឈានដល់ការសាងសង់ក្នុងពេលឆាប់ៗខាងមុខ រហូតដល់បញ្ចប់ដំណើរការសាងសង់ឲ្យបានរលូន ដើម្បីជួយសម្រួលដល់បងប្អូនកម្មករនិយោជិតក្នុងរោងចក្រអាចយកកូនៗមកផ្ញើក្នុងទារកដ្ឋាន ដើម្បីទទួលបានការមើលថែទាំសុខភាព និងទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់សម្រាប់ទារក ដែលជាមូលធនមនុស្សកម្ពុជាចាប់ពីតូចទៅតែម្តង។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថានេះជាការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការក្នុងការអនុវត្តកិច្ចការងារដ៏សំខាន់នេះចាប់ពីឆ្នាំ២០២៤នេះតទៅ ដើម្បីបម្រើជាប្រយោជន៍ដល់កម្មករនិយោជិត ក៏ដូចជាធនធានមនុស្សជំនាន់ក្រោយ។ 

នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានពិនិត្យមើលសង្វាក់ផលិតកម្មក្នុងរោងចក្រកាត់ដេរ ម៉ាវ៉ល ដែលបំពាក់ដោយគ្រឿងបរិក្ខារទំនើបពាក់កណ្តាលស្វ័យប្រវត្តិ និងមានកន្លែងធ្វើការប្រកបដោយផាសុកភាព និងមានលក្ខណៈស្តង់ដាខ្ពស់ និងស្របតាមបទដ្ឋានបច្ចេកទេសស្តង់ដាការងារថែមទៀតផង៕

#MLVT #HENGSour