ក្នុងសារាចរដែលចេញនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត និងសិស្ស និស្សិត ឈប់សម្រាកចំនួន១(មួយ)ថ្ងៃ គឺនៅថ្ងៃទី៥ ខែសីហា បន្ទាប់ពីការចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោជាផ្លូវការ នៅតាមក្រសួង ស្ថាប័ន អង្គភាព គ្រឹះស្ថានសាធារណៈនិងឯកជន រោងចក្រ និងសហគ្រាសនីមួយៗ។
ការអនុញ្ញាតដើម្បីឱ្យជនរួមជាតិខ្មែរគ្រប់រូបមានលទ្ធភាព ចូលរួមអបអរសាទរ ប្រកបដោយបរិយាកាសអធិកអធម កុះករ ក្លៀវក្លា និងជាទីមោទនៈ នាឱកាសដ៏ថ្លៃថ្លានិងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ កម្ពុជា ក្នុងស្មារតី «គម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប» ខណៈដែលរាជរដ្ឋាភិបាល បានប្រកាសថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ជាថ្ងៃអបអរសាទរផ្លូវការនៃការបើកការដ្ឋាន សាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គមសេដ្ឋកិច្ចកម្ពុជា ។
រាជរដ្ឋាភិបាល ក៏កំណត់ថា ការឈប់សម្រាកនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ របស់បុគ្គលិក និងកម្មករ និយោជិត ត្រូវទទួលបានប្រាក់ឈ្នួល។ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវធ្វើសេចក្តីណែនាំដល់ រោងចក្រ សហគ្រាស គ្រឹះស្ថាន អំពីការឈប់សម្រាកដោយមានប្រាក់ឈ្នួលនេះ ដែលស្ថិតនៅ ក្រោមច្បាប់ស្តីពីការងារនិងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ទន្ទឹមគ្នានេះ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ត្រូវធ្វើសេចក្តីណែនាំដល់គ្រប់គ្រឹះស្ថានអប់រំសាធារណៈ និងឯកជនអំពីការឈប់សម្រាកនេះ។
គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោ ជាគម្រោងផ្លូវទឹកតភ្ជាប់ពីទន្លេទៅកាន់សមុទ្ររបស់កម្ពុជា មានប្រវែង ១៨០គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ។ គម្រោងព្រែកជីកនេះ គ្រោងចំណាយថវិកាសាងសង់ប្រមាណ១៧០០លានដុល្លារ និងគ្រោងបើកការដ្ឋានជាផ្លូវការនាវេលាម៉ោង៩:០៩នាទីព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕
អត្ថបទ៖ ពុទ្ធិកា