ក្រសួងព័ត៌មាន ស្នើដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ-អន្តរជាតិ រួមគ្នាផ្សព្វផ្សាយឱ្យបានទូលំទូលាយពី​ពិធីបើកការដ្ឋានព្រីកជីកហ្វូណន​តេជោ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ អន្តរជាតិទាំងអស់ រួមគ្នាដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ៥ សីហា ២០២៤ ពិធីបើកការដ្ឋានព្រីកជីកហ្វូនតេជោ ឱ្យបានទូលំទូលាយ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចាត់ទុកថា គម្រោងព្រែកជីកហ្វូណនតេជោ ជា «គម្រោ​ងរ​បស់​ខ្មែរទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប» ដោយបានឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនិងជាមរតក​សម្រា​ប់ប្រជា​ជាតិកម្ពុជាគ្រប់ជំនាន់ត្រូវចងចាំពីគុណតម្លៃ និងអត្ថប្រយោជន៍ដ៏មហាសាលចំពោះសង្គម សេដ្ឋកិច្ច បរិស្ថាន និងនយោបាយផ្លូវទឹករបស់កម្ពុជា។

គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោ ជាគម្រោងផ្លូវទឹកតភ្ជាប់ពីទន្លេទៅកាន់សមុទ្ររបស់កម្ពុជា មានប្រវែង ១៨០គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ។ គម្រោងព្រែកជីកនេះ គ្រោងចំណាយថវិកាសាងសង់ប្រមាណ១៧០០លានដុល្លារ និងគ្រោងបើកការដ្ឋានជាផ្លូវការនាវេលាម៉ោង៩:០៩នាទីព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

នៅថ្ងៃបើកការដ្ឋាននោះក៏មានចូលរួមទូងស្គរ និងបាញ់កាំជ្រួច នៅតាមក្រសួង ស្ថាប័ន ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ គ្រឹះស្ថានសាធារណៈនិងឯកជន និងជនរួមជាតិគ្រប់រូបទូទាំងប្រទេសផងដែរ៕

អត្ថបទ៖ ពុទ្ធិកា