សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកស្ត្រីអាស៊ានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តំបន់អាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំទី៥លើពិភពលោក ដោយសារស្រ្តីអាស៊ានបានដើរតួនាទីយ៉ាងសំខាន់ ជាមូលដ្ឋានគ្រឹះនៃសហគមន៍ និងសេដ្ឋកិច្ច ដែលចូលរួមចំណែកក្នុងការបង្កើតការងារ ការកាត់បន្ថយភាពក្រីក្រ និងការលើកស្ទួយសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន ព្រមទាំងការគាំទ្រដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច តាមរយៈវេទិកាតំបន់និងអន្តរជាតិដើម្បីជំរុញកំណើននិងនវានុវត្តន៍ឆ្លងព្រំដែន។ ការថ្លែង​បែប​នេះ បានធ្វើឡើងនៅក្នុង បើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ នៅថ្ងៃទី១ ខែសីហា ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការចូលរួមកាន់តែសកម្មរបស់ស្ត្រី នៅក្នុងសកម្មភាពសេដ្ឋកិច្ច តំបន់ និងអន្តរជាតិ មិនត្រឹមតែអាចជំរុញការអភិវឌ្ឍសហគ្រាសរបស់ពួកគេប៉ុណ្ណោះទ ប៉ុន្តែថែមទាំងរួមចំណែកដល់ការពង្រឹងភាពធន់ និងចីរភាពនៃសេដ្ឋកិច្ច ក្នុងសហគមន៍ និង ប្រទេសជាតិទាំងមូលផងដែរ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា វេទិកាសម្រាប់សហគ្រិនស្រ្តីឆ្នើមអាស៊ានឆ្នាំ២០២៤ ក្នុងថ្ងៃនេះ ជាកាលានុវត្តន៍ភាពដ៏សំខាន់ សម្រាប់ការផ្តល់សិទ្ធិអំណាចរបស់សហគ្រិនស្ត្រី និងឆ្លុះបញ្ចាំងឲ្យឃើញពីការចូលលរួមចំណែក និងសក្តានុពលដ៏ធំធេងរបស់ស្ត្រី ក្នុងការអភិវឌ្ឍន៍សហគមន៍ធុរកិច្ច និងកំណើនសេដ្ឋកិច្ច នៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់អាស៊ាន ។

គួរបញ្ជាក់ថា វេទិកាបណ្តាញសហគ្រិនស្រ្តីឆ្នើមអាស៊ាន និងពានរង្វាន់សហគ្រិនស្រ្តីឆ្នើមអាស៊ានត្រូវបានបង្កើតឡើងក្នុងគោលបំណងឱ្យស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ចទាំងអស់នៅក្នុងរដ្ឋជាសមាជិកអាស៊ានផ្ដោតលើ ការបង្កើតវេទិកាក្នុងតំបន់ ការគាំទ្រសហគ្រិនស្ត្រីអាស៊ានឱ្យមានលទ្ធភាពទទួលបានគ្រឹះស្ថានហិរញ្ញវត្ថុកាន់តែប្រសើរឡើង ផ្តល់ឱកាសឱ្យសហគ្រិនទាំងនេះបង្កើតបណ្តាញសហគមន៍យ៉ាងរឹងមាំមួយ បង្កើតមូលនិធិសម្រាប់គំនិតអាជីវកម្មច្នៃប្រឌិតនានាឱ្យទទួលបានជោគជ័យ។

ចំណែកពានរង្វាន់សហគ្រិនស្រ្តីឆ្នើមអាស៊ានត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៥មក ដែលក្នុងនោះសហគ្រិនស្ត្រីឆ្នើមអាស៊ានជិត១០០០នាក់បានទទួលពានរង្វាន់នេះ។ រីឯសហគ្រិនស្រ្តីឆ្នើមកម្ពុជាលើសពី៦០នាក់បានទទួលបានពាននៅក្នុងឱកាសចូលរួមវេទិកាដែលត្រូវបានរៀបចំឡើងនៅក្នុងប្រទេសអាស៊ាន។ ចំណែកឆ្នាំនេះ សហគ្រិនស្ត្រីឆ្នើមអាស៊ានចំនួន២២រូបក្នុងចំណោមបេក្ខភាពសហគ្រិនស្ត្រីសរុប២៩រូប នឹងទទួលបានពានរង្វាន់ពីវេទិកានេះ៕

អត្ថបទ៖​ ពុទ្ធិកា