ទីតាំងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នឹងត្រូវត្រៀមរៀបចំប្រារព្វឡើងនៅចំណុចព្រែកតាកែវ មានទទឹងមុខកាត់ផ្នែកខាងប្រវែង១០០ម៉ែត្រ និងផ្នែកខាងក្រោម ៨០ម៉ែត្រ។ ដោយឡែករូបភាពព្រែកជីកតំណាងនេះ មានមុខកាត់ផ្នែកខាងលើមានប្រវែង ៤០ ម៉ែត្រ និងផ្នែកខាងក្រោមប្រវែង១៨,៥ ម៉ែត្រប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤។
គម្រោងនេះមានប្រវែង ១៨០គីឡូម៉ែត្រ (ទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ ផ្នែកខាងក្រោម ៨០ម៉ែត្រ) តភ្ជាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ រួចចូលតាមបណ្តាព្រែក នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល តាកែវ កំពត និងកែប។
សូមជម្រាបជូនថា ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នឹងត្រូវប្រារព្ធឡើង នៅថ្ងៃទី៥ សីហា ឆ្នាំ២០២៤ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕