ឆ្លៀតពេលមិនមានកម្មវិធីផ្លូវការ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដានេះ បានធ្វើដំណើរពិនិត្យមើលស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ នៅជាប់បណ្ដោយព្រំដែនកម្ពុជា-វៀតណាម។
ក្នុងសំណេរ និងឃ្លីបវីដេអូប្រមាណ ២នាទី សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្លាំងដែលអាចការពារបូរណភាពទឹកដី ជាពិសេសតាមបណ្តោយព្រំដែន ប្រកបដោយប្រសិទ្ធភាពនិងចីរភាពយូរអង្វែងបំផុត គឺប្រជាជន មិនមែនកងកម្លាំងប្រដាប់អាវុធទេ។
ហេតុដូច្នេះ ការកសាង អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម រួមទាំងការកសាងហេដ្ឋារចនាសម្ព័នតភ្ជាប់ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនគឺជាការចាំបាច់។
សម្តេចធិបតី បានបន្តថា៖ “ថ្ងៃនេះឆ្លៀតពេលអត់មានកម្មវិធីផ្លូវការ ធ្វើដំណើរទៅមើលសកម្មភាពជួសជុលផ្លូវតាមបន្ទាត់ព្រំដែនរបស់កងវិស្វកម្មអគ្គបញ្ជាការ និងពិនិត្យមើលជាក់ស្តែងអំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅជាប់បណ្ដោយព្រំដែនកម្ពុជា-វៀតណាម នៅភូមិសាស្ត្រមួយចំនួនក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគីរី”។
គួរជម្រាបថា កាលពីព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានចុះត្រួតពិនិត្យវឌ្ឍនភាពការងារអនុវត្តវិធានការជំរុញវិស័យអប់រំ (គ.វ.អ) របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៅសាលាបឋមសិក្សាអនុវត្ត ខេត្តកំពង់ឆ្នាំង ហេីយក៏ឆ្លៀតជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ឪពុកម្ដាយ អាណាព្យាបាល និងសិស្សានុសិស្សផងដែរ។
សម្តេចធិបតី ក្នុងពេលបន្លំឆ្មក់ចុះដើរពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ផាប់ស្ដ្រីត កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានលើកឡើងទៀតថា នៅពេលសម្ដេចចុះមូលដ្ឋាន នឹងមិនជូនដំណឹងជាមុនឡើយ តែអាចប្រាប់មុន១០នាទីប៉ុណ្ណោះ៕
អត្ថបទ៖ អក្ខរា