តាមរយៈបណ្តាញសង្គមនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរថា កម្លាំងដែលអាចការពារបូរណភាពទឹកដី ជាពិសេសតាមបណ្តោយព្រំដែន ប្រកបដោយប្រសិទ្ធភាពនិងចីរភាពយូរអង្វែងបំផុត គឺប្រជាជន មិនមែនកងកម្លាំងប្រដាប់អាវុធទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ហេតុដូច្នេះ ការកសាង អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម រួមទាំងការកសាងហេដ្ឋារចនាសម្ព័នតភ្ជាប់ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនគឺជាការចាំបាច់។
ជាមួយគ្នានេះ ឆ្លៀតពេលអត់មានកម្មវិធីផ្លូវការ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានធ្វើដំណើរទៅមើលសកម្មភាពជួសជុលផ្លូវតាមបន្ទាត់ព្រំដែនរបស់កងវិស្វកម្មអគ្គបញ្ជាការ និងពិនិត្យមើលជាក់ស្តែងអំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅជាប់បណ្ដោយព្រំដែនកម្ពុជា-វៀតណាម នៅភូមិសាស្ត្រមួយចំនួនក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគីរី។ អត្ថបទ៖ ពុទ្ធិកា