ខេត្តឃ្យុង​សាងប៊ុកដូ របស់កូរ៉េ នឹង​ជំរុញកិច្ចសហ​ប្រតិបត្តិ​ការ​វប្បធម៌ និង​ទេសចរណ៍ជាមួយកម្ពុជា

ខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ នឹងជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ និងទេសចរណ៍ ជាមួយកម្ពុជា ដោយជំរុញការកសាងព្រលានយន្តហោះ និងភ្ជាប់ជើងហោះហើរមកកាន់តំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជាឱ្យកាន់តែច្រើន ដែលនឹងជួយបង្កើនចំនួនទេសចរអន្តរជាតិបន្ថែមទៀត ខណៈប្រទេសកូរ៉េ និងកម្ពុជា មានសក្តានុពលផ្នែកវប្បធម៌ និងបេតិកភណ្ឌពិភពលោកដូចគ្នា ។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម លី ឈូលវ៉ូ (LEE CHEOL-WOO) អភិបាលខេត្តឃ្យុងសាងប៊ុកដូ នៅក្នុងជំនួបជាមួយ សម្តេចតេជោ ហ៊ុន សែន នៅវិមានព្រឹទ្ធសភា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងនាមជាខេត្ត ដែលចងសម្ព័ន្ធមេត្រីភាពជាមួយកម្ពុជា ឯកឧត្តមអភិបាលខេត្ត ក៏ត្រៀមលក្ខណៈដើម្បីជំរុញកិច្ចសហ​ប្រ​តិ​បត្តការ​ជាមួយកម្ពុជា ទាំងលើវិស័យឧស្សាហកម្ម កសិកម្ម វេជ្ជសាស្រ្ត វប្បធម៌ និងទេសចរណ៍។ កន្លងមក ខេត្តឃ្យុងសាងប៊ុកដូ បានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយប្រទេសកម្ពុជា តាមរយៈការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពិនិត្យព្យាបាលប្រជាជនកម្ពុជា ដែលចាប់ផ្តើមឡើងតាំងពីឆ្នាំ២០១១ និងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល និងអនុវត្តនៅក្នុងប្រទេសកម្ពុជានូវកម្មវិធីចលនាភូមិថ្មី (Saemaul Undong) ដែលជាចលនាអភិវឌ្ឍន៍ជនបទដ៏ល្បីល្បាញរបស់អតីតប្រធានា​ធិបតី Park Chung Hee។  ជាមួយគ្នានេះ ខេត្តឃ្យុងសាងប៊ុកដូ ទើបតែចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពជាមួយនឹងខេត្តកំពង់ធំផងដែរ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានសំណូមពរទៅឯកឧត្តមអភិបាលខេត្ត ជួយផ្សព្វ​ផ្សា​យពីវប្បធម៌ និងតំបន់ទេសចរណ៍កម្ពុជាទៅប្រជាជនកូរ៉េ ដើម្បីទេសចរកូរ៉េបានមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ខេត្តឃ្យុងសាងប៊ុកដូ និងខេត្តសៀមរាប បានសហការគ្នារៀបចំព្រឹត្តិការណ៍ពិព័រណ៍ អង្គរ-ឃ្យុងយូ ដែលគិតមកដល់ពេលនេះ គឺមានរយៈពេល១៨ឆ្នាំទៅហើយនោះ គឺជាការជំរុញឱ្យឃើញជាក់ស្តែងនូវលទ្ធផលជោគជ័យជាប្រវត្តិសាស្រ្តនៃការភ្ជាប់ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការការទូតកម្ពុជា-កូរ៉េ នាពេលនោះ ដែលបន្តរីកចម្រើនយ៉ាងខ្លាំងមកដល់ទំនាក់ទំនងនៃភាពជាដៃគូយុទ្ធសាស្ត្រ និង​ការសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងជាច្រើនទៀតនាពេលបច្ចុប្បន្ននេះ៕

អត្ថបទ៖ ពុទ្ធិកា