នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤ ចុះត្រួតពិនិត្យវឌ្ឍនភាពការងារអនុវត្តវិធានការជំរុញវិស័យអប់រំ (គ.វ.អ) របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៅសាលាបឋមសិក្សាអនុវត្ត ខេត្តកំពង់ឆ្នាំង ហេីយក៏ឆ្លៀតជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ឪពុកម្ដាយ អាណាព្យាបាល និងសិស្សានុសិស្ស។
គួររំលឹកបន្តិចថា ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ «សម្តេចព្រះព្រហ្មរតនមុនី ពិន សែម» នៅខេត្តសៀមរា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់យកឆ្នាំទី ២ ចុះតាមមូលដ្ឋានដោយផ្ទាល់ ដើម្បីត្រួតពិនិត្យលើគោលនយោបាយ និងកម្មវិធីនានាដែលរដ្ឋាភិបាលអាណត្តិទី ៧ បានដាក់ចេញ។
សម្តេចបានបន្ថែមថា នៅក្នុងឆ្នាំដំបូងនៃការដឹកនាំប្រទេស សម្តេចបានធ្វើកិច្ចការរដ្ឋបាល ដូចជាការប្រកាសដាក់ចេញគោលនយោបាយ ការចេញទៅក្រៅប្រទេសដើម្បីធ្វើបដិសណ្ឋាកិច្ច និងចុះតាមក្រសួងស្ថាប័ននានា ដើម្បីបូកសរុបការងារជាដើម។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងទៀតថា នៅពេលសម្ដេចចុះមូលដ្ឋាន នឹងមិនជូនដំណឹងជាមុនឡើយ តែអាចប្រាប់មុន១០នាទីប៉ុណ្ណោះ។ ជាក់ស្តែង ដូចការបន្លំដើរនៅតំបន់ផាប់ស្ដ្រីតរបស់សម្តេចធិបតី ដើម្បីស្វែងយល់ពីស្ថានភាពភ្ញៀវទេសចរជាក់ស្តែងនិងការពិត៕
អត្ថបទ៖ អក្ខរា