សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានែកម្ពុជា បានចូលទៅខមិនពន្យល់ក្នុងគណនីឈ្មោះ “Chhoem Sakada”ដែលគេស្គាល់ថាតារាសម្តែង ឆឹម សក្កា ដោយបានបង្ហោះផ្សាយអំពីក្ដីបារម្ភចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទឹកដីកម្ពុជាមិនត្រូវបានកាត់ឲ្យទៅប្រទេសវៀតណាមដូចគេចោទ មិនបានយកទៅជាភាគហ៊ុនជាមួយវៀតណាមឬឡាវ នោះទេ។ ប្រទេសនីមួយៗគ្រប់គ្រងលើអធិបតេយ្យភាពរៀងៗខ្លួនអនុវត្តច្បាប់ប្រទេសរៀងៗខ្លួន។ ប្រជាជនកម្ពុជា ក៏មិនអាចចូលទៅវៀតណាម ឡាវ ដោយគ្មានការអនុញ្ញាតិ ឯប្រជាជនវៀតណាម និងឡាវ ក៏មិនអាចចូលមកប្រទេសកម្ពុជាដោយគ្មានការអនុញ្ញាតិ។ កិច្ចសហការគឺប្រមូលផ្តុំលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន ដឹកជញ្ជូន សន្តិសុខ។
ក្នុងសំណេររបស់សម្តេចតេជោ ក៏បានរំលេចថា” បើកូនអាចស្តាប់ឡើងវិញនូវការពន្យល់របស់ពុកកូននិងកាន់តែយល់។ ពុកទើបត្រឡប់មកពីវៀតណាមល្ងាចមិញនេះ(26/7/2024)ដែលម្សឹលមិញនេះពុកចរចាជាមួយថ្នាក់ដឹកនាំវៀតណាមសុំឲ្យភាគីវៀតណាមបន្ថែមការលក់ភ្លើងឲ្យយើងដោយដំឡើងពី២៥០ មេហ្រ្គាវ៉ាត់ដល់៤០០មេហ្រ្គាវ៉ាត់ដែលភាគីវៀតណាមយល់ព្រម។ យើងផលិតភ្លើងមិនទាន់គ្រប់ឯឡាវផ្គត់ផ្គង់ឲ្យយើងមិនទាន់តាមកិច្ចសន្យា។ ការខិតខំរកទីផ្សាឲ្យប្រជាជនយើងកាន់តែចាំបាច់ដែលត្រូវការសម្រួលពាណិជ្ជកម្មឲ្យបានល្អជាមួយប្រទេសជិតខាងពិសេស តំបន់ភូមិភាគឥសាន្តរបស់យើងដែលខ្វះផ្លូវដឹកជញ្ជូនខ្វះអគ្គីសនីនិងខ្វះទីផ្សា។ ២៥ឆ្នាំកន្លងមកហើយតើយើងមានបាត់បង់ទឹកដីនៅកន្លែងណាទេគឺអត់ទេតែយើងបានបោះបង្គោលព្រំដែលដល់មុំ៣កម្ពុជា ឡាវ វៀតណាម ថែមទៀតផង។ ពុកទទួលយកការកង្វល់និងការព្រួយបារម្មណ៍របស់កូននិងប្រជាជនយើងដោយសារកត្តាប្រវត្តិសាស្រ្តទើបប្រឹងប្រែងបោះបង្គោលព្រំដែនឲ្យរឹងមាំជាមួយប្រទេសជិតខាងដើរទន្ទឹមនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង។”
គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺជាគំនិតផ្តួចផ្តើមដំបូងរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៅក្នុងឆ្នាំ១៩៩៩ ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។
ក្នុងសារពិសេស កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានបញ្ជាក់យ៉ាងច្បាស់ថា កិច្ចព្រមព្រៀងតំបន់អភិវឌ្ឍន៍ត្រីកោណ គ្មានកិច្ចព្រមព្រៀងណាមួយ ដែលនាំឱ្យបាត់បង់អធិបតេយ្យភាពជាតិ ឬជាការបញ្ចូលដែនដីរួមគ្នាជាមួយវៀតណាម និងឡាវ នោះទេ និងបានស្នើតុលាការកាត់ទោសឲ្យធ្ងន់ធ្ងរ ចំពោះជនដែលញុះញង់ និងបំភ្លៃការពិតពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ៕
អត្ថបទ៖ ពុទ្ធិកា