រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើក​ទឹកចិត្ត​ឲ្យក្រុមហ៊ុនហ្កាឡាក់​ស៊ីណា​វ៉ាត្រា ផលិត​វីដេអូ​អប់រំខ្លី​ៗ​ពី​​ផលប៉ះពាល់នៃ​គ្រឿងញៀន

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានលើកទឹកចិត្តអោយក្រុមហ៊ុន ហ្កាឡាក់ស៊ីណាវ៉ាត្រា ផលិតវីដេអូអប់រំខ្លីៗ ទាក់ទងពីផលប៉ះពាល់ផ្សេងៗនៃការប្រើប្រាស់គ្រឿងញៀន ដើម្បីចាក់ផ្សាយនៅតាមវិទ្យុ និងទូរទស្សន៍ទាំងអស់ដោយឥតគិតថ្លៃ ។

ការលើកចិត្តនេះ បានធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ក្រុមហ៊ុនហ្កាឡាក់ស៊ីណាវ៉ាត្រា គ្រុប ស្តីពីកិច្ចសហការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នាសណ្ឋាគារ ហៃយ៉ាត់ ភ្នំពេញ ។

ឯកឧត្តម នេត្រ ភក្ត្រា ក៏ស្នើដល់សិល្បករ សិល្បការិនី តាមរយៈក្រុមហ៊ុនហ្កាឡាក់ស៊ីណាវ៉ាត្រា ឲ្យចូលរួមជាពាក្យពេចន៍ ឬក៏ក្នុងសកម្មភាពនៅកម្មវិធីប្រគុំតន្ត្រី និងកម្មវិធីផ្សេងៗក្តី ជួយបញ្ជ្រាបនូវសារទាំងឡាយទាក់ទងការអប់រំគ្រឿងញៀន អោយបានសកម្ម គ្រប់ពេល គ្រប់ទីកន្លែង ។ ដោយឡែក ឯកឧត្តម ក៏ស្នើដល់ក្រុមហ៊ុន ហ្កាឡាក់ស៊ីណាវ៉ាត្រា ផលិតជាចម្រៀង និងការ៉ាអូខេ មុនធ្វើការចាក់ផ្សាយ សូមដាក់សារអប់រំអំពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ។

ទន្ទឹមគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រី  បានគូសបញ្ជាក់ថា ការចុះហត្ថលេខានាឱកាសនេះ នឹងធ្វើអោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ មានកម្លាំងកាន់តែធំ មានមធ្យោបាយកាន់តែធំ ហើយមានសំលេងកាន់តែច្រើននៅក្នុងការបញ្ជ្រាបការយល់ដឹង និងផលប៉ះពាល់នៃគ្រឿងញៀនទៅកាន់សាធារណៈជន យុវជន យុវនារី ដែលជាសសរទ្រូងរបស់ប្រទេសជាតិ ។ នៅក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន រាជរដ្ឋាភិបាល តែមួយគឺមិនអាចធ្វើបានជោគជ័យនោះទេ ចាំបាច់ណាស់ត្រូវការកិច្ចសហការជាមួយគ្រប់ដៃគូរពាក់ពន្ធ័ទាំងអស់ ។

នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះដែរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា​ អគ្គនាយកក្រុមហ៊ុន ហ្កាឡាក់ស៊ីណាវ៉ាត្រា ក៏បានគូសបញ្ជាក់ថា ដើម្បីសម្រេចឲ្យបានការខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនហ្គាឡាក់ស៊ីណាវ៉ាត្រា គ្រុប នឹងដាក់ចេញនូវផែនការគោលមួយចំនួន ផងដែរ។

បើតាមអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថា ផែនការគោលទាំងនោះរួមមានទី១៖ ពង្រឹងសមត្ថភាព និងចំណេះដឹងដល់ បុគ្គលិកក្រុមហ៊ុនទាំងអស់ និងសិល្បករសិល្បការិនី ឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ពាក់ព័ន្ធនឹងផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន មុនពេលផ្សព្វផ្សាយ និងអប់រំ។ ទី២៖ ចូលរួមគ្រប់សកម្មភាពការងារផ្សព្វផ្សាយ និងអប់រំដែលជាតម្រូវការរបស់ អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន និងរាជរដ្ឋាភិបាល។ ទី៣៖ លើកទឹកចិត្ត បំផុសស្មារតី និងជំរុញឲ្យបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន និងសិល្បករ សិល្បការិនី អ្នកផលិតកម្មវិធី អ្នកគ្រប់គ្រងកម្មវិធីឱ្យជួយបញ្ជ្រៀបពីខ្លឹមសារអប់រំពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។ និងទី៤៖ ខិតខំបង្កើតមាតិកាអប់រំល្អៗដើម្បីចាក់ឲ្យចំបេះដូងអ្នកស្តាប់ និងទស្សនា ៕

អត្ថបទ៖ ពុទ្ធិកា