សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដម ង្វៀន ហ៊្វូចុង Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម នៅស្ថានទូតវៀតណាមប្រចាំកម្ពុជា ។
ក្នុងឳកាសអញ្ជើញដាក់អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមរំលែកទុក្ខដោយក្តីក្រៀមក្រំបំផុតជាមួយរដ្ឋ និងប្រជាជនវៀតណាម ជាពិសេសជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
នៅក្នុងសាររំលែករមណទុក្ខដ៏ក្រៀមក្រំ, សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានចាត់ទុក ឯកឧត្ដមអគ្គលេខាធិការ ង្វៀន ហ៊្វូចុង ជាមេដឹកនាំដ៏សំខាន់មួយរូប ដែលបានលះបង់ពេញមួយជីវិតក្នុងបុព្វហេតុសុខុមាលភាព និងវិបុលភាពរបស់ប្រជាជនវៀតណាម ក៏ដូចជាការពង្រឹកទំនាក់ទំនងប្រកបដោយភាតរភាពដ៏ជ្រាលជ្រៅ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារ ណរដ្ឋសង្គមនិយមវៀតណាម។
គួរបញ្ជាក់ថា ឯកឧត្ដម ង្វៀន ហ៊្វូចុង (Nguyen Phu Trong) អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដ វៀតណាម ដែលមានអាយុ៨០ឆ្នាំ បានទទួលមរណភាព កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ដោយរោគាពាធ។
អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម ឯកឧត្ដម ង្វៀន ហ៊្វូចុង Nguyen Phu Trong បានកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ចាប់តាំងពីឆ្នាំ២០១១ ៕ អត្ថបទ៖ ពុទ្ធិកា