រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំការប្រគំតន្ត្រី នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ពីវេលាម៉ោង ៤រសៀល តទៅ ដើម្បីចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា នៅថ្ងៃទី០៥ ខែសីហា ខាងមុខ ។
ក្នុងនោះក៏មានការបាញ់កាំជ្រួច ចំនួន២លើក គឺ លើកទី១ នៅវេលាម៉ោង៧យប់នាទី និង លើកទី២ នៅវេលាម៉ោង ៩:០៩យប់ នៅទន្លេចតុមុខ ទល់មុខព្រះបរមរាជវាំង ។
ជាមួយគ្នានេះ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងពិធីអបអរសាទរនេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឲ្យប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ជុំវិញទីតាំងប្រគំតន្ត្រី មេត្តាយោគយល់អធ្យាស្រ័យ ព្រោះទីតាំងនេះ នឹងមានចរាចរមមាញឹកខ្លាំង ដោយសារមធ្យោបាយ ធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួមទស្សនាការប្រគំតន្ត្រីយ៉ាងច្រើនកុះករនេះ។
ដោយឡែក ចំពោះសាឡង់ដឹកខ្សាច់ ទូក កប៉ាល់គ្រប់ប្រភេទ និងកាណូតដឹកភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលធ្វើនាវាចរ ឆ្លងកាត់ទន្លេចតុមុខ ទល់មុខព្រះបរមរាជវាំង ត្រូវធ្វើនាវាចរដោយរក្សាគម្លាតយ៉ាងតិចចម្ងាយ ២០០ម៉ែត្រ ពីសាឡង់អុជកាំជ្រួច នៅក្នុងអំឡុងពេលម៉ោងអុជកាំជ្រួច។
គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោ ជាគម្រោងផ្លូវទឹកតភ្ជាប់ផ្លូវទឹកពីទន្លេទៅកាន់សមុទ្ររបស់កម្ពុជា មានប្រវែង ១៨០គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ។ គម្រោងព្រែកជីកហ្វូណនតេជោ ជាគំនិតផ្តួចផ្តើមប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រ ដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋ តកូនចៅជំនាន់ក្រោយ និងប្រទេសកម្ពុជាទាំងមូលរាប់ពាន់ឆ្នាំតទៅមុខ និងបន្តអនុវត្តគម្រោងដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រកបដោយគតិបណ្ឌិត សមត្ថភាព និងភាពឈ្លាសវៃ
គម្រោងព្រែកជីកនេះ គ្រោងចំណាយថវិកាសាងសង់ប្រមាណ១៧០០លានដុល្លារ និងគ្រោងបើកការដ្ឋានជាផ្លូវនឹងធ្វើឡើងនាវេលាម៉ោង៩:០៩នាទីព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕ អត្ថបទ៖ ពុទ្ធិកា