ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រួមជាមួយនិងមន្រ្តីជាន់ខ្ពស់មកពីអន្តរក្រសួងមួយចំនួនផ្សេងទៀត នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញទស្សនកិច្ច និងជួបសំណេះសំណាលជាមួយកម្លាំងប្រតិបត្តិការក្រោមទឹក នៅអង្គភាពពិសេសបោសសម្អាតយុទ្ធភណ្ឌក្រោមទឹករបស់អង្គភាពស៊ីម៉ាក់ដែលមានការដ្ឋាន ឋិតនៅភូមិពាមរាំងក្រោម ឃុំពាំមរាំង ស្រុកលើកដែក ខេត្តកណ្តាល។
ឯកឧត្តម បានពាំនាំការសួរសុខទុក្ខពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទទួលការអនុញ្ញាតិពីសម្តេចតេជោអតីតៈនាយករដ្ឋមន្ត្រីក្នុងការផ្តួចផ្តេីមបង្កើតក្រុមការងារអន្តរក្រសួងដើម្បីចុះសិក្សា និងដោះស្រាយក្នុងករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងបាតទន្លេក្នុងគោលបំណងរក្សាការពារសន្តិសុខជាតិ និងសុវត្ថិភាពសង្គម រក្សាបាននូវភាពសុខសាន្តដល់ប្រជាពលរដ្ឋជាពិសេសបងប្អូនប្រជាពលរដ្ឋនៅតាមដងទន្លេ។
បន្ថែមពីនេះទៀត ឯកឧត្តម ស សុខា បានសម្តែងនូវការដឹងគុណ និងការកោតសរសើរដល់កម្លាំងប្រតិបត្តិការរបស់អង្គភាពស៊ីម៉ាក់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រតិបត្តិការរបស់ខ្លួនប្រកបដោយលទ្ធផលផ្លែផ្កាដោយស្រង់គ្រាប់បានចំនួន ២៤.៦៩៩គ្រាប់ និងដែកបំណែកនាវាចំនួនជាង ២៣៥តោន ហើយនឹងបន្តបេសកកម្មរបស់ខ្លួនដើម្បីស្រង់យកគ្រាប់ជាបន្តបន្ទាប់ទៅមុខទៀត។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងកោតសរសើរចំពោះថ្នាក់ដឹកនាំក្រុមការងារអន្តរក្រសួង គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានសហការយ៉ាងសស្រាក់ស្រស្រាំចូលរួមដោះស្រាយបញ្ហាការងារទាំងឡាយឱ្យប្រព្រឹត្តទៅបានល្អប្រសើរជាមួយគ្នា ជាពិសេសអង្គភាពស៊ីម៉ាក់ដែលបានដឹកនាំប្រតិបត្តិការផ្ទាល់លើការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងបាតទន្លេ ទទួលបានលទ្ធផលល្អប្រសើរ ស្របតាមជាគោលការណ៍របស់រាជរដ្ឋាភិបាលគឺត្រូវតែបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងសមុទ្រ ដើម្បីធានាបានការអភិវឌ្ឍសេដ្ឋកិច្ចជាតិសន្តិសុខសុវត្ថិភាពការដឹកជញ្ចូនផ្លូវទឹក ព្រមទាំងពង្រឹងសន្តិសុខជាតិប្រកបដោយនិរន្តភាព៕