អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍៤ចំណុចច្រានចោលព័ត៌មានពីការកាត់ទឹកដី៤ខេត្តទៅប្រទេសវៀតណាម

អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នេះ បានចេញសេចក្តីថ្លែងការណ៍ ៤ ចំណុច ច្រានចោលព័ត៌មាន ស្តីពី ការកាត់ទឹកដី ៤ ខេត្តជូនប្រទេសវៀតណាម ក្រោមរូបភាព កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV)។

ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបដូចតទៅ៖
ទី១. គ្មានការកាត់ទឹកដី ៤ខេត្ត ជូនប្រទេសវៀតណាមដូចការចោទប្រកាន់មួលបង្កាច់ពីក្រុមជ្រុលនិយមមួយចំនួនតូចនោះឡើយ។
ទី២. គ្មានការយកខេត្តទាំង៤ របស់កម្ពុជា ទៅដាក់ហ៊ុនជាមួយប្រទេសជិតខាង ដើម្បីរួមបញ្ចូលគ្នាជាដែនដីតែមួយ ដូចការលើកឡើងដោយបំភាន់ ឬដោយការភាន់ច្រឡំមួយចំនួននោះឡើយ។
ទី៣. គ្មានការដាក់ហ៊ុនធនធានធម្មជាតិ ដូចជាធនធានរ៉ែ និងធនធានព្រៃឈើជាដើម របស់ខេត្តទាំង ៤ ដើម្បីវិនិយោគរួមគ្នា ដូចការលើកឡើងនោះឡើយ។
ទី៤. គ្មានការអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រទេសនីមួយៗចេញចូលដោយសេរី ក្នុងទឹកដីតំបន់អភិវឌ្ឍន៍ត្រីកោណនោះឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) នេះធ្វើឡើងតែក្នុងក្របខណ្ឌអាជ្ញាធរប្រទេសទាំងបី ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល អប់រំ សន្តិសុខ និងការគ្រប់គ្រងគ្រោះមហន្តរាយជាដើម ដូចការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន យ៉ាងច្បាស់លាស់រួចហើយដោយមិនពាក់ព័ន្ធនឹងរឿងទឹកដី ឬធនធានធម្មជាតិឡើយ។ ប្រទេស នីមួយៗ រក្សាអធិបតេយ្យភាពជាតិរៀងៗខ្លួន ដោយគ្មានអ្នកណាបំពានបានឡើយទន្ទឹមនឹងនោះ ក៏គ្មានការអនុញ្ញាតឲ្យមានចលនាចេញចូលរបស់ប្រជាពលរដ្ឋដោយសេរី ដូចការលើកឡើងមួយចំនួននោះដែរ ពោលគឺប្រទេសនីមួយៗ នៅតែគ្រប់គ្រងនិងរក្សា ឯករាជ្យភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួនស្រប តាមច្បាប់ជាធរមាន ដោយគ្មានការបង្កើតដែនដីថ្មីរួមគ្នាណាមួយដូចការលើកឡើងនោះឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តថា​ រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បាន​លះបង់គ្រប់បែបយ៉ាងដោយយកជីវិតធ្វើដើមទុន ដើម្បីរំដោះប្រទេស ចេញពីរបបប្រល័យពូជសាសន៍ បញ្ចប់សង្គ្រាមដែលអូសបន្លាយជិត៣ទសវត្សរ៍ និងស្វែងរកសន្តិភាពពេញលេញ ជូនប្រទេសជាតិ ដោយបានដឹកនាំអភិវឌ្ឍប្រទេសឱ្យរីកចម្រើនគ្រប់វិស័យដូចបច្ចុប្បន្ន ដោយរក្សាបាននូវ ឯករាជ្យភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីទាំងស្រុង។

បច្ចុប្បន្ន រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ ចេញយុទ្ធសាស្ត្របញ្ចកោណ ដើម្បីសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ ក្នុងន័យនេះ រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការដឹកនាំប្រទេសឈានឆ្ពោះទៅពង្រឹងសេដ្ឋកិច្ចសង្គម និងនយោបាយទាំងក្នុងប្រទេសនិងនយោបាយការទូត ដោយរក្សាឱ្យបានជាដាច់ខាតនូវឯករាជ្យភាព អធិបតេយ្យ ភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ។

អត្ថបទ៖ ពុទ្ធិកា