សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ រួមគ្នាការពារសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម។ ការណ៍នេះ សម្តេចក្រឡាហោម គូសបញ្ជាក់ថា មានសន្តិភាព ទើបមានការអភិវឌ្ឍ និងមានការរីកចម្រើនដូចសព្វថ្ងៃ។
ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តទឹកជុំមានជ័យ (វត្តកោះចារ) ស្ថិតនៅភូមិផ្អៀង ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី២៤ ខែមីនា សម្តេចក្រឡាហោម សខេង បានអំពាវនាវឱ្យពលរដ្ឋត្រូវរួមគ្នាថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត និងបន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារ និងលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងការពង្រឹងនីតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើ គ្រប់វិស័យជាបន្តទៀត។
ទន្ទឹមនឹងនោះ សម្ដេចក្រឡាហោម ក៏បានណែនាំជាថ្មីទៀតឱ្យអាជ្ញាធរ ជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទ ល្មើសនានានៅមូលដ្ឋាន ពិសេសសកម្មភាពជួញដូរចែកចាយ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋាន អំពើហិង្សាក្នុងគ្រួសារ ក្រុមក្មេងទំនើង និងបទល្មើសនានានៅមូលដ្ឋានទូទាំងខេត្ត៕ អត្ថបទ៖ ជំនួយការខ្មៅ