កូនត្នោតចំនួន១៥០០ដើម ត្រូវបានឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រគេនដល់ ព្រះមេធានុរក្ស វជិរប្បញ្ញោ បណ្ឌិត គូ សុភាព ព្រះគ្រូសូត្រស្តាំ វត្តនិគ្រោធវ័ន ហៅ វត្តគល់ទទឹង កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ។
ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរព្រះគុណដល់ព្រះគ្រូ បណ្ឌិត គូ សុភាព ដែលបានចូលរួមយុទ្ធនាការ »ពន្លកបៃតង» និងតែងតែបានអប់រំចិត្ត បណ្តុះគំនិតសាធារណជនឱ្យស្រឡាញ់ភាពស្អាត ភាពបៃតង និងប្រតិបត្តិខ្លួនល្អនៅក្នុងសង្គមកម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា ដើមត្នោតមានកេរតំណែលតាំងពីបុរាណកាលមក ដែលបានដើរតួយ៉ាងសំខាន់ក្នុងជីវភាពរបស់ប្រជាពលរដ្ឋ និងក៏ជានិមិត្តរូបជាតិខ្មែររបស់ប្រទេសកម្ពុជាផងដែរ ។
ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញលើកទឹកចិត្តឱ្យ ប្រជាពលរដ្ឋ បន្កការចូលរួមដាំកូនត្នោត និងកូនឈើ ឱ្យបានច្រើន ដើម្បីបង្កើតភាពស្អាត ភាពបៃតង ខ្យល់បរិសុទ្ធសម្រាប់ដកដង្ហើម មានសុខភាពល្អ លើសពីនេះទៅទៀត ជាប្រភពចំណូល ដែលកម្ពុជាយើងអាចទទួលបានច្រើននាពេលអនាគត។
ព្រះមេធានុរក្ស វជិរប្បញ្ញោ បណ្ឌិត គូ សុភាព មានសង្ឃដីកាថាកន្លងមកយុទ្ធនាការរបស់ក្រសួងបរិស្ថាន ទទួលលទ្ធលដោយមានការចូលរួមផុលផុស ជាពិសេស ព្រឹត្តិការណ៍ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីផ្ទះញាតិញោមស្អាត សាលារៀន វត្តអារាមស្អាត ដូចជានៅវត្តគល់ទទឹង ព្រះអង្គតែងតែបានអប់រំចិត្ត និងអនុវត្តភាពស្អាត ជាមួយអ្នកមកកម្សាន្តនិងមកគោរពបូជាព្រះពុទ្ធសាសនានៅក្នុងវត្ត។
ព្រះអង្គមានសង្ឃដីកាបន្តថា ព្រះពុទ្ធបានលើកឡើងថារក្សាភាពស្អាត គឺជាបុណ្យកុសល កើតជាតិណាគឺមានរូបស្អាត។ ជាមួយនឹងភាព«ពន្លកបៃតង» មានការចែកកូនឈើ កម្លងមកនះ ព្រះគ្រូបណ្ឌិត គូ សុភាព បានលើកនូវគំនិតចង់បង្កើតឱ្យជាសួនច្បារបៃតង ដូចជាការដាំត្នោតឬដើមឈើនានាជាចម្ការ ដើម្បីទទួបានប្រយោជន៍ពីរុក្ខជាតិ សម្រាប់អ្នកទេសចរបានមកកម្សាន្ត។
គួរបញ្ជាក់ថា កន្លងមក ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្នុងនោះយុទ្ធសាស្ត្រទី២ «ភាពបៃតង» ផ្តោតលើអាទិភាពចំនួន៣គឺ ជំរុញការដាំដុះកូនឈើ ដើម្បីបង្កើនគម្របបៃតង ក្នុងនោះមានយុទ្ធនាការ«ពន្លកបៃតង» ចែកជូនកូនឈើជូនប្រជាពលរដ្ឋយកទៅដាំ យ៉ាងតិច១លានដើមក្នុង១ឆ្នាំ ជំរុញលើការការពារ និងអភិរក្សជីវចម្រុះការអនុវត្តច្បាប់១០០% ចំពោះបទល្មើសធនធានធម្មជាតិ ព្រមទាំងកិច្ចសហការនានាជាមួយអ្នកពាក់ព័ន្ធ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងជំរុញនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជាឱ្យដាំដើមឈើឱ្យបានច្រើន ចូលរួមអភិរក្សជីវៈចម្រុះ និងបានបង្កើនជីវភាពតាមរយៈទេសចរណ៍ លំហែបៃតងនៅតាមតំបន់ការពារធម្មជាតិ៕