សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម អាទល់ ខារ៉េ (Atul KHARE) អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកទ្រទ្រង់ប្រតិបត្តិការរក្សាសន្តិភាព នៅវិមានសន្តិភាពនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងជំនួបជាមួយ ឯកឧត្តម អាទល់ ខារ៉េ (Atul KHARE) អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកទ្រទ្រង់ប្រតិបត្តិការរក្សាសន្តិភាព បានកោតសរសើរការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា និងចាត់ទុកកម្ពុជា ជាប្រទេសគំរូដែលបានប្រែក្លាយពីប្រទេសដែលធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ទៅជាប្រទេសរួមចំណែកក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅកាន់បណ្ដាប្រទេសជាច្រើន ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដើម្បីចូលរួមថែរក្សាសន្តិភាព បោសសម្អាតមីន និងកសាងហេដ្ឋារចនាសម្ព័ន្ធនានា។
ឯកឧត្តម អាទល់ ខារ៉េ បានគូសបញ្ជាក់ថា កម្ពុជាបានផ្ដល់នូវការបណ្ដុះបណ្ដាលផ្នែកបោសសម្អាតមីន ដល់បណ្ដាប្រទេសមួយចំនួន និងមានមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន។ ឯកឧត្តមក៏បានគាំទ្រកម្ពុជា ដែលនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាស្តីពី ការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស នៅខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអរគុណអង្គការសហប្រជាជាតិ ដែលបានរួមចំណែកកសាងនិងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាបានគាំទ្រ និងបន្តគាំទ្រកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ។
បន្ថែមលើនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជាបន្តប្ដេជ្ញាចិត្ត និងត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ដើម្បីចូលរួមជាមួយអង្គការសហប្រជាជាតិក្នុងការថែរក្សាសន្តិភាព និងបោសសម្អាតមីនមនុស្សធម៌។
សម្ដេចធិបតី បានបន្តថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីភាពជាដៃគូត្រីភាគីអង្គការសហប្រជាជាតិ-សាធារណរដ្ឋកូរ៉េ-កម្ពុជា ក្នុងចុងឆ្នាំ២០២៤ និងកម្មវិធីភាពជាដៃគូត្រីភាគីអង្គការសហប្រជាជាតិ-ជប៉ុន-កម្ពុជា នៅដើមឆ្នាំ២០២៥៕
អត្ថបទ៖ ពុទ្ធិកា