នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នេះប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រដែលបានបាត់ការទាក់ទង រួមជាមួយទ័ពអាកាសចំនួន២រូប បានកំពុងបន្តយ៉ាងយកចិត្តទុកដាក់ ខណៈអាកាសធាតុនៅតំបន់ជួរភ្នំក្រវាញហាក់មានភាពល្អប្រសើរឡើងវិញ និងអំណោយផលដល់ប្រតិបត្តិការ។
នៅលើទំព័រហ្វេកបុករបស់ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី២២ កក្កដានេះ បានបញ្ជាក់ថា នៅថ្ងៃនេះ កងកម្លាំងចម្រុះបានបន្តធ្វើសកម្មភាពរុករកដោយស្វាហាប់ទាំងថ្មើរជើង និងពីលើដែនអាកាស ក្នុងនោះមានកម្លាំងមួយចំនួនបានសម្រូតខ្សែចុះពីឧទ្ធម្ភាគចក្រ នៅតាមចំណុចដែលមានការសង្ស័យ ដែលយើងសង្ឃឹមថា នឹងទទួលបានដំណឹង អំពីឧទ្ធម្ភាគចក្រក្នុងពេលដ៏ខ្លីខាងមុខនេះ។
នាយឧត្តមសេនីយ៍ ឈុំ សុជាត បានថ្លែងអំណរគុណដល់ កងកម្លាំងទាំងអស់ ដែលបានខិតខំយ៉ាងសកម្មមិនខ្លាចនឿយហត់ ក្នុងការស្វែងរកឧទ្ធម្ភាគចក្រ និងយោធិន២នាក់ ដែលបានបាត់ដំណឹង ក្នុងរយៈពេល១០ថ្ងៃមកនេះ ទោះបីជាមានបញ្ហាអាកាសធាតុ និងភូមិសាស្ត្រលំបាកក៏ដោយ និងសូមជូនពរបងប្អូនកងកម្លាំងទាំងអស់គ្នាមានសុវត្ថិភាព និងទទួលបានជោគជ័យ។
គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រមួយគ្រឿងប្រភេទ Z-9 រួមនឹងកងកម្លាំងទ័ពអាកាសចំនួន២រូប ត្រូវបានគេរាយការណ៍ថា បានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស ពេលកំពុងហាត់ហ្វឹកហ្វឺនហោះហើរ ផ្លូវឆ្ងាយ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ។ ក្រោយពីទទួលដំណឹងនេះ ក្រុមជួយសង្គ្រោះ ដែលមានការចូលរួមពីបណ្តាកងឯកភាពពាក់ព័ន្ធ បានបើកប្រតិបត្តិការរុករកយ៉ាងយកចិត្តទុកដាក់ នៅចំនុចបាត់ការទាក់ទងក្នុងតំបន់ភ្នំជួរក្រវាញ រវាងព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តកោះកុង ។ គិតមកដល់ថ្ងៃទី២២ កក្កដា នេះ គឺប្រតិបត្តិការបានឈានចូលថ្ងៃទី១០ហើយ៕
អត្ថបទ៖ ពុទ្ធិកា