សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភសាលារៀន១ខ្នង ៣ជាន់ ៣០បន្ទប់ ដល់វិទ្យាល័យព្រៃព្នៅ ដើម្បីបំពេញសេចក្ដីត្រូវការរបស់វិទ្យាល័យ និងឧបត្ថម្ភថវិកាដល់យុវសិស្ស សាយ ស៊ីណា និងក្រុមគ្រួសារ ចំនួន១៥.០០០ ដុល្លារសហរដ្ឋអាមេរិក ។
ទឹកចិត្តនិងកាយវិការ ប្រកបដោយព្រហ្មវិហារធម៌ អាណិតស្រលាញ់ របស់សម្ដេចទាំងទ្វេនេះ ឯកឧត្តម វង្ស ពិសេន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំងខេត្តព្រៃវែង ព្រមទាំងមន្ត្រីក្រុមការងារ អាជ្ញាធរ និងប្រជាពលរដ្ឋទូទាំងស្រុកពារាំង នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានផ្ញើលិខិតគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានពេញចិត្តនូវទឹកដមសំឡេងរបស់យុវសិស្ស សាយ ស៊ីណា ជាសិស្សរៀននៅថ្នាក់ទី ១០H នៃវិទ្យាល័យព្រៃព្នៅ ស្ថិតនៅឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង បានច្រៀងចម្រៀងមួយបទមានចំណងជើងថា “ស្ពានសាងស្នេហ៍” កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ក្នុងកម្មវិធីប្រឡងជ្រើសរើសយុវជនឆ្នើម រៀបចំដោយក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង។
ឯកឧត្តម វង្ស ពិសេន បានចាត់ទុកថា នេះគឺជាកាយវិការប្រកបដោយព្រហ្មវិហារធម៌ អាណិតស្រលាញ់ របស់សម្ដេចទាំងទ្វេ ដែលតែងតែមានចំពោះប្រជាពលរដ្ឋទូទៅ ហើយក៏ជាកិត្តិយសនិងមោទនភាពបំផុតសម្រាប់យុវសិស្ស និង ក្រុមគ្រួសារ លោកគ្រូ អ្នកគ្រូ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងស្រុកពារាំង ខេត្តព្រៃវែងផងដែរ។
អត្ថបទ៖ ពុទ្ធិកា