លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ចំណងមិត្តភាពប្រពៃណីរវាងចិននិងកម្ពុជា នឹងត្រូវបានអភិវឌ្ឍន៍កាន់តែរឹងមាំបន្ថែមទៀតនាពេលឣនាគត។
តាមរយៈផេកហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី១៧ ខែកកក្កដា ឆ្នាំ២០២៤ លោក Wang Wenbin បានឲ្យដឹងថា លោកពិតមានមហាកិត្តិយសដែលបានថ្វាយសារតាំងចំពោះព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ
នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ឯកអគ្គរដ្ឋទូតចិនរូបនេះ ក៏បានបង្ហោះសាររំលេចនូវរូបថតជាប្រវត្តិសាស្រ្ត នៃទំនាក់ទំនងរវាងថ្នាក់ដឹកនាំជំនាន់មុនផងដែរ។ លោកបានរៀបរាប់ថា ទំនាក់ទំនងរវាងចិន-កម្ពុជា ក្នុងរយៈពេល ៦៦ឆ្នាំកន្លងមក និងរយ:ពេលកាន់តែយូរជាងនេះ អនុស្សាវរីយ៍ដែលបន្សល់ទុកឲ្យយើងដោយថ្នាក់ដឹកនាំជំនាន់មុន សុទ្ធតែជាកេរដំណែលដ៏មានថាមពលសម្រាប់យើងក្នុងការបន្តរក្សាទៅថ្ងៃអនាគត។
គួរបញ្ជាក់ថា លោក Wang Wenbin ត្រូវបានតែងតាំងជំនួសលោក Wang Wentian ដែលទើបបញ្ចប់អាណត្តិកាលពីពេលថ្មីៗនេះ ហើយលោកបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី៥ ខែកក្កដាកន្លងទៅនេះ។
ការងារលើកដំបូងរបស់លោក គឺបានចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីប្រសិទ្ធនាមឈ្មោះផ្លូវ មហាវិថី ស៊ី ជីនពីង។ ពិធីប្រសិទ្ធនាមឈ្មោះផ្លូវនេះ គ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកក្កដានេះ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន៕
អត្ថបទ៖ អក្ខរា