រាយការណ៍ទៅក្រសួង បើរងការកំហែងទារ និងការគាបសង្កត់ផ្សេងៗពីអ្នកសារព័ត៌មាន

ក្រសួងព័ត៌មាន អំពាវនាវដល់សាធារណជនដែលទទួលរងនូវការកំហែងទារ និងការគាបសង្កត់ផ្សេងៗពីអ្នកសារព័ត៌មាន សូមរាយការណ៍មកកាន់ក្រសួងព័ត៌មានតាមរយៈលេខទូរស័ព្ទ ឬប្រព័ន្ធតេឡេក្រាម ០១៥ ៤៨៣ ២៨៣/០១២​ ៤៨៨​ ១៥៦ ដើម្បីក្រសួងព័ត៌មានមានវិធានការតាមនីតិវិធីច្បាប់។

តាមរយៈសេចក្តីជូនដំណឹងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួងបាននិងកំពុងរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន គុណភាព ព័ត៌មាន និងសុវត្ថិភាពព័ត៌មាន ដើម្បីទប់ស្កាត់និងប្រឆាំងព័ត៌មានក្លែងក្លាយ, ការអនុវត្តនិងគោរពកម សីលធម៌វិជ្ជាជីវៈឱ្យបានត្រឹមត្រូវក្នុងចំណោមអ្នកសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ក្នុងនោះរួមមាន អ្នកកាសែត អ្នកផលិតមាតិកាក្នុងបណ្តាញទំនាក់ទំនងសង្គមគ្រប់ប្រភេទ និងអ្នករកប្រាក់តាមអនឡាញ (MMO)។

ក្រសួងព័ត៌មាននឹងប្រកាសដាក់ឱ្យអនុវត្ត «ធម្មនុញ្ញវិជ្ជាជីវៈ សារព័ត៌មាន» ដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកសារព័ត៌មាន សមាគមសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យសារព័ត៌មាននិងសោតទស្សន៍ រួមនិងអ្នកប្រើប្រាស់ បណ្តាញសង្គមទាំងអស់នៅកម្ពុជាគោរពនិងអនុវត្តនាពេលដ៏ឆាប់ៗខាងមុខនេះ។

ដើម្បីបន្តពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មានលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ក៏ដូចជាទប់ស្កាត់និងលុបបំបាត់ក្រុមជនខិលខូចមួយចំនួន ដែលយកអាជ្ញាបណ្ណពីក្រសួងព័ត៌មានបានផ្ដល់ជូនទៅស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងផ្ទុយពីច្បាប់ស្ដីពីរបបសារព័ត៌មាន និងលិខិតបទដ្ឋានគតិយុត្តនានាដែលនៅជាធរមាន, ក្រសួងព័ត៌មានសូមជូនដំណឹងដល់ អ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញសង្គម និង MMO សូមយកស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការចែកចាយ ព័ត៌មានដោយសុចរិត ពិតប្រាកដ និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ដែលមាននៅក្នុងច្បាប់ ស្តីពីរបប សារព័ត៌មាន៕