ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំមន្ត្រីនគរបាលចរាចរណ៍ត្រូវពង្រឹងសមត្ថភាព ក្រមសីលធម៌ មនសិកាវិជ្ជាជីវៈ វិន័យកងកម្លាំង ការប្រើប្រាស់ឯកសណ្ឋាន ការប្រើប្រាស់ពាក្យពេចន៍និយាយស្តី អាកប្បកិរិយា ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសគឺ ការប្រើប្រាស់ពាក្យសំដីជាមួយប្រជាជន ប្រសិនបើអ្នកបើកបរគ្មានល្មើស ហាមហៅត្រួតពិនិត្យ នៅពេលចុះអនុវត្តច្បាប់ចរាចរណ៍ ដើម្បីកុំធ្វើឱ្យមានការរំខានដល់អ្នកធ្វើដំណើរ ប្រជាជនមានអារម្មណ៍ថ្នាំងថ្នាក់ ចំពោះកម្លាំងមានសមត្ថកិច្ច និងថ្នាក់ដឹកនាំ។ ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលចរាចរណ៍ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។
បន្ថែមលើសពីនេះ ឯកឧត្តម បានបន្តណែនាំឱ្យនគរបាលចរាចរណ៍ទាំងអស់ត្រូវពង្រឹងប្រសិទ្ធភាពនីតិវិធីការងារដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ ត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ចំពោះហេតុការណ៍ ដែលបានកើតឡើង ស្វែងរកសាក្សី ធ្វើកំណត់ហេតុ របាយការណ៍ និងធ្វើការសន្និដ្ឋានរកមូលហេតុបង្កឱ្យបានច្បាស់លាស់ ដោយផ្អែកលើវិធានការជំនាញ និងវិធានការច្បាប់ មុននឹងបញ្ជូនសំណុំរឿងទៅតុលាការ ដើម្បីបន្តនីតិវិធី។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ឱ្យដឹងថា ចាប់ពីឆ្នាំ២០២៥ រហូតដល់ឆ្នាំ២០២៨ ខាងមុខនេះ រាជរដ្ឋាភិបាលឯកភាពជាគោលការណ៍ក្នុងការផ្តល់ក្របខណ្ឌមន្ត្រីនគរបាលចរាចរណ៍ ៣០នាក់ក្នុងមួយឆ្នាំដោយវាយតម្លៃជ្រើសរើសយកពីមន្ត្រីជាប់កិច្ចសន្យាដោយផ្អែកលើកម្ពស់បុរស១ម៉ែត្រ៧០សង់ទីម៉ែត្រឡើង និងនារី១ម៉ែត្រ៦៥សង់ទីម៉ែត្រឡើង ហើយមានអតីតភាពកិច្ចសន្យាការងារយូរជាងគេ។ ការជ្រើសរើសនេះ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី ជាអ្នកទទួលបន្ទុកវាយតម្លៃ និងជ្រើសរើសដោយផ្ទាល់៕