ក្រសួងបរិស្ថាន និង UNDP រួមគ្នាបង្កើតស្ថានីយបណ្តុះកូនឈើ សម្រាប់ចែកជូនប្រជាជនដោយឥតគិតថ្លៃ

កាលរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ លោក សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី Alissa Chaker តំណាង UNDP បានចុះកិច្ចព្រមព្រៀងលើការចាប់ផ្តើមអនុវត្ត គម្រោង« ពង្រឹងយុទ្ធសាស្ត្របៃតងតាមរយៈស្ថានីយ៍ណ្ដុះកូនឈើថ្នាក់តំបន់នៅកម្ពុជា» ដោយផ្តោតលើការកសាងផែនការមេសម្រាប់សាងសង់ស្ថានីយបណ្តុះកូនឈើចំនួន៥តំបន់ ដែលមានលក្ខណៈ បន្ស៊ាំ ទៅនឹងការប្រែប្រួលអាកាសធាតុ នវានុវត្តនិងទំនើបកម្មនៅខេត្តកោះកុង កំពង់ស្ពឺ សៀមរាប ត្បូងឃ្មុំ និង មណ្ឌលគិរី ដោយចាប់ផ្តើមអនុវត្តសាងសង់ស្ថានីយចំនួន១កន្លែងក្នុងក្របខ័ណ្ឌគម្រោងនេះ។ 

លោកស្រី Alissa បានបញ្ជាក់ថាក្នុងនាម UNDP គឺសាទរចំពោះយុទ្ធនាការកាត់បន្ថយប្លាស្ទិក និងការដាំឈើ ១លានដើម របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលគម្រោងនេះនឹងរួមចំណែកដ៏ធំក្នុងការបង្កើននូវគម្របព្រៃឈើឱ្យបាន៦០% និងសម្រេចការអភិវឌ្ឍប្រកបដោយអព្យាក្រឹត្យកាបូន នៅឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា។ 

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់កម្មអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ដៃគូអភិវឌ្ឍន៍និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានគាំទ្រលើព្រឹត្តិការណ៍ «ពន្លកបៃតង» ដែលរាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន បាននិងកំពុងតែប្រឹងប្រែងសម្រេចឱ្យបាននូវឆន្ទៈនយោបាយរបស់កម្ពុជា និងការបង្កើតស្ថានីយបណ្តុះកូនឈើ ការដាំកូនឈើ និងស្តារព្រៃឈើឡើងវិញ ដែលនេះគឺជាយុទ្ធសាស្រ្តមួយដ៏សំខាន់ សម្រាប់ធានាដល់ការការពារជីវៈចម្រុះ ការថែរក្សាសេវាកម្ម ប្រព័ន្ធអេកូឡូស៊ី និងការកាត់បន្ថយ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ក៏ដូចជាជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន ដែលរស់នៅ ក្នុងនិងក្បែរតំបន់ការពារធម្មជាតិ តាមរយៈការលក់ឥណទានកាបូនពីការថែរក្សាការពារព្រៃឈើ និងសកម្មភាពអភិវឌ្ឍន៍ប្រកបដោយចីរភាព៕