ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលសម្ដេចចុះមូលដ្ឋាន នឹងមិនជូនដំណឹងជាមុនឡើយ តែអាចប្រាប់មុន១០នាទីប៉ុណ្ណោះ។ ទន្ទឹមនេះ សម្តេចធិបតីបានលើកឡើងពីការប៉ុនប៉ងធ្វើឃាតថ្នាក់ដឹកនាំ នៅប្រទេសមួយចំនួន នាពេលថ្មីៗនេះដូចជានៅអាមេរិកជាដើម។
បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត ការមិនជូនដំណឹងមុននៅពេលចុះមូលដ្ឋាន ក៏ជាចំណែកមួយក្នុងការធានាសន្ដិសុខផងដែរ។ ជាមួយនឹងថ្លែងបែបនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏សុំការអនុញ្ញាតលោកជំទាវបណ្ឌិត ដើម្បីចុះមូលដ្ឋានក្តាប់នូវបញ្ហាផ្សេងៗ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤៕