សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជូនក្រុមការងារពិសេស ដើម្បីពិនិត្យស្ថានភាពទេសចរណ៍នៅខេត្តសៀមរាប ទាំងដែលអភិបាលខេត្តមិនដឹងខ្លួន។ នេះបើតាមការឲ្យដឹងពីសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការបន្លំដើរនៅតំបន់ផាប់ស្ដ្រីតកាលពីយប់មិញ ដើម្បីស្វែងយល់ពីស្ថានភាពភ្ញៀវទេសចរ។ សម្ដេចធិបតី ក៏កោតសរសើរជាងគំនូម្នាក់ នៅតំបន់ផាប់ស្ដ្រីត ហើយសម្តេចបានណែនាំឲ្យរៀបចំកន្លែងផ្សេងៗ ដើម្បីទាក់ទាញទេសចរណ៍នៅខេត្តសៀមរាប ដូចជាការជិះទូក និងការលេងកម្សាន្ដអចិន្ដ្រៃយ៍។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឆ្នាំ២០២៤នេះកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំសំខាន់ៗច្រើនណាស់ ហើយផ្ដោតយកទីតាំងប្រជុំនៅខេត្តសៀមរាបតែម្ដង ដើម្បីរុញវិស័យទេសចរណ៍។ ការកំណត់យកខេត្តសៀមរាប ដើម្បីធ្វើជាទីតាំងនៃកិច្ចប្រជុំសំខាន់ៗ មិនមែនជារឿងចៃដន្យនោះទេ។
បើតាមសម្ដេចធិបតីនាយករដ្ឋមន្ត្រី តាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះស្ថានភាពភ្ញៀវទេសចរនៅខេត្តសៀមរាប តាមរយៈការរាយការណ៍រាល់ថ្ងៃពីអភិបាលខេត្ត។ ក្នុងនោះ សម្តេចបានគូសបញ្ជាក់ដោយប្រៀបធៀបស្ថានភាពទេសចរណ៍ ដូចនឹងទៅរដូវប្រាំងអត់ទឹក និងរដូវវស្សាមានភ្លៀង ដែលត្រូវតែរៀបចំដោយយកចិត្តទុកដាក់ដើម្បីដាក់ចេញវិធានការបន្ដបន្ទាប់៕