នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធនានា នៅវត្តព្រឹក្សា ស្ថិតនៅឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ ។
នាឱកាសដ៏វិសេសវិសាលនេះ លោកជំទាវបណ្ឌិត បានពាំនាំនូវការនឹករលឹក និងផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីរដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះប្រជាពលរដ្ឋ ដែលបានចូលរួម ។ ជាមួយនេះដែរ លោកជំទាវបណ្ឌិត បានលើកទ្បើងថា បច្ចុប្បន្ន ព្រះពុទ្ធសាសនា ត្រូវបានដាក់ចូលទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅតាមបណ្តាសាលាមួយចំនួន ដែលនេះការដ៏ប្រពៃដើម្បីបញ្រ្ចាបការយល់ដឹងឲ្យកាន់តែច្បាស់ដល់សិស្ស និស្សិត នូវស្មារតី គុណធម៌ សីលធម៌ សុជីវធម៌ ដើម្បីក្លាយជាធនធានបញ្ញាវ័ន្តប្រកបដោយគុណភាព ។ ក្នុងន័យនេះ លោកជំទាវបណ្ឌិត បានលើកជាសំណូមពរដល់ក្រសួងធម្មការ និងសាសនា និងគណៈសង្ឃនាយក ឱ្យមានការបកប្រែគម្ពីរព្រះត្រៃបិដក ពីភាសាបាលី មកជាភាសាជាតិ ដើម្បីងាយស្រួលដល់សិស្ស និស្សិត និងជនទូទៅ អាចយកទៅសិក្សាបាន ។
នាឱកាសដ៏មហានក្ខត្តឫក្សនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក៏បាននាំយកនូវទេយ្យទាន និងប្រគេនបច្ច័យមួយចំនួនថ្វាយប្រគេនដល់សម្តេចសង្ឃ ព្រះថេរ៉ានុថេរៈគ្រប់ព្រះអង្គ និងជូនថវិកាដល់ តាជី យាយជី យុវជនកាយឬទ្ធ យុវជនកាកបាទក្រហម យុវជន អ.ម.ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ផងដែរ ៕