ឯកឧត្តម ស សុខា ជំរុញរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការទាំងអស់ ត្រូវតែមានការទទួលខុសត្រូវកម្រិតនយោបាយ

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងរដ្ឋលេខាធិការថ្មីចំនួន៤រូប នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃទាំងអស់ យកចិត្តទុកដាក់ពង្រឹងគុណភាពការងារ ដែលខ្លួនទទួលបន្ទុកតាមអគ្គនាយកដ្ឋានឬអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ហើយអង្គភាពជំនាញទាំងអស់ក៏ត្រូវតែគោរពឋានានុក្រមការងារ មតិយោបល់ និងការណែនាំទម្រង់ទិសពីថ្នាក់ដឹកនាំទទួលបន្ទុក។

ឯកឧត្តមបានមានប្រសាសន៍ថា តួនាទីជារដ្ឋលេខាធិការក្ដី អនុរដ្ឋលេខាធិការក្ដី ដែលទទួលភារកិច្ចជួយរដ្ឋមន្ត្រីលើកិច្ចការក្នុងវិស័យមហាផ្ទៃ មិនអាចធ្វើត្រឹមតែការងារគ្រីស ឬចុះហត្ថលេខា ចម្លងឯកសារនានាពីអង្គភាពជំនាញឡើងមករដ្ឋមន្រ្តីនោះឡើយ ពោលគឺត្រូវតែមានការទទួលខុសត្រូវកម្រិតនយោបាយ ដើម្បីធានាថា កិច្ចការ ឬសំណើទាំងឡាយរបស់អង្គភាពដែលខ្លួនទទួលបន្ទុកបានធ្វើ និងលើកមក គឺពិតជាត្រឹមត្រូវតាមច្បាប់ គោលការណ៍ ដើម្បីបម្រើផលប្រយោជនជាតិ និងប្រជាជន។

ក្នុងន័យនេះ ឯកឧត្តម បានណែនាំរដ្ឋលេខាធិការទទួលបន្ទុក ដឹកនាំអនុរដ្ឋលេខាការ សម្របសម្រួលជាមួយថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ឬអង្គភាព ដែលខ្លួនទទួលបន្ទុក រៀបចំផែនការតាមដានការងារក្នុងវិស័យរបស់ខ្លួនឱ្យបានច្បាស់លាស់ និងត្រូវលើកកម្ពស់បរិយាកាសនៃការបំពេញការងារប្រកបដោយភាពចុះសម្រុងគ្នា ពីព្រោះតួនាទី និងភារកិច្ចរបស់គ្រប់តួអង្គនៅក្រសួងមហាផ្ទៃ ជាសេនាធិការរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចគោលដៅរួម គឺធានាជូនប្រមុខរាជរដ្ឋាភិបាល និងប្រជាជននូវសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងសេវាសាធារណៈផ្សេងៗប្រកបដោយគុណភាព។

សូមបញ្ជាក់ថា រដ្ឋលេខាធិការថ្មីចំនួន៤រូបនៃក្រសួងមហាផ្ទៃ ដែលត្រូវបានប្រកាស និងប្រគល់ភារកិច្ចនាថ្ងៃនេះ រួមមាន ឯកឧត្តម គង់ សោភ័ណ្ឌ ទទួលជួយទៅលើការងារអគ្គលេខាធិការដ្ឋាន ជាមួយឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម ងួន រតនៈ ទទួលជួយលើការងារប្រឆាំងការជួញដូរមនុស្ស ជាមួយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ និងឯកឧត្តម អ៊ូច ភា រួមទាំងឯកឧត្តម ស្វាយ សំអ៊ាង ទទួលជួយ លើការងារលេខាធិការដ្ឋានអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ជាមួយឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការ៕