សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Miguel De Serpa Soares អគ្គលេខាធិការរង ទទួលបន្ទុកកិច្ចការច្បាប់ និងជាទីប្រឹក្សាច្បាប់នៃអង្គការសហប្រជា នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តម Miguel De Serpa Soares បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការអភិវឌ្ឍដ៏ល្អ និងឆាប់រហ័ស របស់កម្ពុជា ចាប់តាំងពីឯកឧត្តមបានមកបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងកាលពីខែធ្នូ ឆ្នាំ២០១៣។
ឯកឧត្តម Miguel De Serpa Soares ក៏បានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវជោគជ័យក្នុងកិច្ចដំណើរការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ព្រមទាំងបានបង្ហាញពីចំណាប់អារម្មណ៍ខ្ពស់លើការរៀបចំសម្ភារៈបរិក្ខារ បណ្ណាល័យ និងការក្សាទុកឯកសាររបស់ អ.វ.ត.ក ហើយអង្គការសហប្រជាជាតិនៅតែបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងការបញ្ចប់មុខងារ ដែលនៅសេសសល់របស់ អ.វ.ត.ក។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអរគុណចំពោះការគាំទ្ររបស់អង្គការសហប្រជាជាតិក្នុងកិច្ចដំណើរការប្រកបដោយជោគជ័យនៃ អ.វ.ត.ក. ក្នុងរយៈពេល ១៦ ឆ្នាំកន្លងមក។ បន្ថែមលើនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា ការជំនុំជម្រះរឿងក្ដីរបស់របបប្រល័យពូជសាសន៍កម្ពុជា មិនបញ្ចប់ត្រឹមប៉ុណ្ណេះនោះទេ តែត្រូវតែបន្តនូវកិច្ចការមួយចំនួន ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជានាពេលអនាគត ក៏ដូចជាសម្រាប់ពិភពលោកទាំងមូលផងដែរ។
ក្នុងន័យនេះ សម្តេចធិបតី បានជម្រាបជូនឯកឧត្ដមអគ្គលេខាធិការងថា រាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំនូវយន្តការដ៏សមស្របមួយក្នុងការថែរក្សា និងទុកដាក់នូវឯកសារសំណុំរឿង ដែលមានចំនួនជាង ២,៤ លានទំព័រ ជាបីភាសា (ខ្មែរ បារាំង និងអង់គ្លេស) ដើម្បីទុកជាទ្រព្យសម្បត្តិមនុស្សជាតិ ដល់ពិភពលោកទាំងមូលសម្រាប់ឱ្យអ្នកជំនាន់ក្រោយ ក្នុងការស្វែងយល់ និងសិក្សាអំពីអំពើប្រល័យពូជសាសន៍ និងបញ្ចៀសនូវអំពើប្រល័យពូជសាសន៍ដែលអាចកើតមានឡើងនៅលើពិភពលោក៕ អត្ថបទ៖ ពុទ្ធិកា