កម្ពុជា-ហ្វីលីពីន ប្ដេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំកម្ពុជា នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតហ្វីលីពីន បានប្តេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋ​កិច្ចនិងពាណិជ្ជកម្ម តាមរយៈការខិតខំបន្ថែមទៀតលើការជំរុញកំណេីនទំហំពាណិជ្ជកម្ម ការនាំចេញផលិតផលកសិកម្ម,​ ការជំរុញវិស័យទេសចរណ៍តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់ឡើងវិញពីទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន មកកាន់ខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា, វិស័យអប់រំ និងវិស័យសំណង់ជាដេីម។

បន្ថែមពីនេះ សម្ដេចធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏ពិភាក្សាអំពីការបន្តកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្ដិសុខជាតិ ដូចជាការធ្វើលំហាត់រួមគ្នា ការបណ្ដុះបណ្ដាល និងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន​ផងដែរ។

លោកជំទាវ Flerida Ann Camille P. Mayo បានបង្ហាញនូវការប្ដេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការហ្វីលីពីន-កម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត នៅក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំឭកពីទំនាក់ទំនងការទូតដ៏យូរលង់រវាងកម្ពុជា-ហ្វីលីពីន និងដែលតាមរយៈទំនាក់ទំនងនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរការរីកចម្រើន ហើយសម្ដេចធិបតីជឿជាក់ថា ក្នុងបេសកកម្មការទូតរបស់លោកជំទាវ ទំនាក់ទំនងនេះនឹងកាន់តែត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែមទៀត។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកជំទាវឯកអគ្គរដ្ឋទូតដេីម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រេីនបន្ថែមទៀត ៕ អត្ថបទ៖ ពុទ្ធិកា