បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាមិនដែលផ្ដល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនរថយន្តតាក់ស៊ីអគ្គិសនីបរទេសមកវិនិយោគនៅកម្ពុជានោះ សារនិងញ្ញាតិព្រោងព្រាធ របស់ក្រុមអ្នករត់រ៉ឺម៉ក់កង់បីនៅទូទាំងប្រទេស បានចេញមកគាំទ្រពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចនេះ។
សមាគមសម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាព បានលើកឡើងថា សារពិសេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៤ បានឆ្លុះបញ្ចាំងនូវការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ហើយបានប្រកាសមិនគាំទ្រទាំងស្រុង និងប្រឆាំងជាដាច់ខាតចំពោះការញុះញង់របស់ក្រុម ជ្រុលនិយមមួយចំនួនតូចដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួននិងធ្វើអោយសង្គមអសន្តិសុខ ។
ជាមួយគ្នានេះ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃគណៈកម្មាការបណ្ដុំអង្គការសង្គមស៊ីវិល ដែលភាគច្រើនជាអ្នកប្រកបរបរវិស័យដឹកជញ្ចូន (PassApp) រត់ម៉ូតូឌុប ម្ចាស់អាជីវករ អ្នកលក់ដូរ កម្មករជាដើម កាលពីថ្ងៃ១៥ ខែកក្ដដា ឆ្នាំ២០២៤ ក្នុងសេចក្ដីថ្លែងការណ៍រួមរបស់ខ្លួន បានថ្កោលទោសនិងសម្ដែងការសោកស្តាយ ចំពោះជនអគតិជ្រុលនិយមដែលតែងតែប្រឌិត បង្កើតព័ត៌មានក្លែងក្លាយ ធ្វើឱ្យពលរដ្ឋមានការភ័ន្តច្រឡំ ក្នុងន័យកេងចំណេញនយោបាយរបស់ពួកគេ ដើម្បីវាយប្រហារមកលើរាជរដ្ឋាភិបាល។
គួររម្លឹកថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រភពច្បាស់ការថា មានមនុស្សមួយក្រុមតូច បានកំពុងកៀរគរអ្នករត់រ៉ឺម៉កកងបី អ្នករត់ម៉ូតូឌុប ដើម្បីប្រឆាំងជាមួយរដ្ឋាភិបាល ដោយចោទថា រដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រុមហ៊ុនរថយន្តតាក់ស៊ីអគ្គិសនីវៀតណាម និងចិន មកបើកអាជីវកម្មនៅកម្ពុជា កាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ចេញមកបញ្ជាក់ដែរថា រាជរដ្ឋាភិបាល មិនដែលបានផ្ដល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនរថយន្តតាក់ស៊ីអគ្គិសនីវៀតណាម ឬបរទេស មកធ្វើអាជីវកម្មនៅកម្ពុជានោះទេ និងបានព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះក្រុមអ្នកបំភ្លៃការពិត ក្នុងចេតនាប្រមូលម្តុំមនុស្សប្រឆាំងរដ្ឋាភិបាល ដើម្បីផលប្រយោជន៍ ឬកេងចំនេញនយោបាយ។
គួរបញ្ជាក់ថា នៅក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានអះអាងថា កម្ពុជាមិនទាន់មានតម្រូវការឲ្យ ក្រុមហ៊ុនបរទេសមកវិនិយោគ បើកក្រុមហ៊ុនតាក់ស៊ីអគ្គិសនីនៅកម្ពុជានោះទេ គោលដៅរបស់រដ្ឋាភិបាលអាណត្តិទី៧ គឺត្រូវតែយកចិត្តទុកដាក់ក្នុងការជួយពលរដ្ឋប្រកបរបររត់ម៉ូតូឌុប ម៉ូតូកង់បី នៅក្រៅប្រព័ន្ធឲ្យបានល្អ៕ អត្ថបទ៖ ពុទ្ធិកា