សម្តេច ស ខេង អំពាវនាវដល់ជនរួមជាតិទាំងអស់បញ្ឈប់ការលក់ ទិញ និងបរិភោគសាច់សត្វព្រៃ និងសត្វកម្រ

សម្ដេច ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវដល់ជនរួមជាតិទាំងអស់បញ្ឈប់​ការលក់ ទិញ និងបរិភោគសាច់សត្វព្រៃ និងសត្វកម្រ។

សម្តេចបានឲ្យដឹងថា នាពេលថ្មីៗនេះ សម្តេច បានប្រគល់សត្វពង្រូលមួយក្បាលជូនឧទ្យានសួនសត្វភ្នំតាម៉ៅ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ស្ថិតនៅស្រុកបាទី ខេត្តតាកែវ ។ សត្វពង្រូលអានាថាមួយក្បាលនេះបានលូនចូលមកផ្ទះរបស់សម្តេច កាលពីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។

ជាមួយនឹងការរួមចំណែកដ៏តូចមួយនេះ សម្ដេច ស ខេង ក៏សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់មេត្តាបញ្ឈប់ការលក់ ទិញ និងបរិភោគសាច់សត្វព្រៃ និងសត្វកម្រ ហើយយើងត្រូវរួមគ្នាការពារសត្វព្រៃនៅកម្ពុជា និងការពារប្រព័ន្ធជីវចម្រុះធម្មជាតិ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអត្ថប្រយោជន៍រយៈពេលយូរអង្វែង ពីជំនាន់បច្ចុប្បន្ន តទៅពេលអនាគតរបស់ប្រទេសជាតិយើង៕