សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលសម្រេចបានជោគជ័យជាប្រវត្តិសាស្ត្រក្នុងការផ្សះផ្សារជាតិ និងលុបបំបាត់វប្បធម៌និទណ្ឌភាពនៃអំពើសាហាវយង់ខ្នងក្នុងរបបខ្មែរក្រហម។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បញ្ចុះបឋមសិលា និងសម្ពោធសមិទ្ធផលអគារអនុវត្តមុខងារសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា» នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយឈ្នះ- ឈ្នះ គឺជាមូលដ្ឋានគ្រឹះនៃការរក្សាសន្តិភាពយូរអង្វែង ដោយហេតុថា នយោបាយឈ្នះ-ឈ្នះនេះ បានលុបបំបាត់ការរើសអើងខាងជាតិសាសន៍ សាសនា និងរវាងក្រុមមនុស្ស ព្រមទាំងបានផ្ដល់ លទ្ធភាពដល់ពលរដ្ឋខ្មែរទាំងអស់រួមរស់សុខដុមរមនាក្នុងសង្គមជាមួយគ្នាថែមទៀតផង។
សម្តេធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈនយោបាយឈ្នះ-ឈ្នះនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើត អ.វ.ត.ក. ដោយមានកិច្ចសហការដ៏ល្អប្រសើរពីអង្គការសហប្រជាតិ និងការឧបត្ថម្ភគាំទ្រជាថវិកាពីសហគមន៍ អន្តរជាតិ ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះនៃរបបខ្មែរក្រហម, ការផ្សះផ្សាសង្គមដែលបែកបាក់, ការលុបបំបាត់វប្បធម៌និទណ្ឌភាព និងជាការផ្តល់សារមួយសម្រាប់មេដឹកនាំនៃបណ្តាប្រទេសទូទាំងពិភពលោកអំពីផលវិបាកនៃការប្រព្រឹត្តអំពើសាហាវយង់ឃ្នងព្រៃផ្សៃរបស់ពួកគេ។
ក្នុងឱកាសនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់សហគមន៍អន្តរជាតិដែលបានគាំទ្រទាំងផ្នែកនយោបាយ បច្ចេកទេស និងថវិកា ដែលអនុញ្ញាតឱ្យតុលាការនេះបានបញ្ចប់ទាំងស្រុងនូវដំណើរការកាត់សេចក្តីរបស់ខ្លួន ប្រកបទៅដោយភាពរលូន ជោគជ័យ និងមានការទទួលស្គាល់ជាអន្តរជាតិ។
ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ជោគជ័យរបស់តុលាការនេះត្រូវបានចាត់ទុកជាជោគជ័យរួមទាំងអស់គ្នា ដូចជា រាជរដ្ឋាភិបាល អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ជាពិសេសគឺជាជោគជ័យសម្រាប់ជនរងគ្រោះ និងមនុស្សជាតិទាំងមូល៕