សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនែកម្ពុជា បានលើកឡើងថា នយោបាយឈ្នះ-ឈ្នះ គឺជាមូលដ្ឋានគ្រឹះនៃការរក្សាសន្តិភាពយូរអង្វែង ដោយសារតែនយោបាយឈ្នះ-ឈ្នះនេះ បានលុបបំបាត់ការរើសអើងខាងជាតិសាសន៍ សាសនា និងរវាងក្រុមមនុស្ស ព្រមទាំងផ្តល់នូវលទ្ធភាពដល់ពលរដ្ឋខ្មែរទាំងអស់រួមរស់សុខដុមរមនាក្នុងសង្គមជាមួយគ្នាថែមទៀតផង។ ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់បន្ទប់ពិគ្រោះយោបល់សម្រាប់ជនរងគ្រោះ សាលតាំងពិព័រណ៌អចិន្ត្រៃយ៍ស្តីពីដំណើរការជំនុំជម្រះក្តី និងឧទ្យានសម្រាប់ការចងចាំ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា តាមរយៈនយោបាយឈ្នះ-ឈ្នះ រាជរដ្ឋាភិបាល ក៏បានបង្កើត អ.វ.ត.ក. ដោយមានកិច្ចសហការដ៏ល្អប្រសើរពីអង្គការសហប្រជាជាតិ និងការឧបត្ថម្ភគាំទ្រជាថវិកាពីសហគមន៍អន្តរជាតិ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនៃរបបបខ្មែរក្រហម ការផ្សះផ្សាសង្គមដែលបែកបាក់ ការលុបបំបាត់វប្បធម៌និទណ្ឌភាព និងជាការផ្តល់សារមួយសម្រាប់មេដឹកនាំនៃបណ្តាប្រទេសទូទាំងពិភពលោកអំពីផលវិបាកនៃការប្រព្រឹត្តអំពើសាហាវយង់ឃ្នងព្រៃផ្សៃរបស់ពួកគេផងដែរ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា សន្តិភាពនិងសង្រ្គាម ជាស្ថានភាពដ៏ស្មុគស្មាញបំផុតដែលមនុស្សគ្រប់រូបនឹងត្រូវប្រឈមមុខ មិនថាជាជនរងគ្រោះនៃសង្រ្គាម ឬជាអ្នកនយោបាយនោះទេ គឺចង់បានការបញ្ចប់ជម្លោះនិងកសាងសន្តិភាព។ ដើម្បីបញ្ចប់សង្រ្គាមនិងបង្កើតសន្តិភាព គឺតម្រូវឱ្យមានការចូលរួមពីសំណាក់អ្នកមានចំណេះដឹងខ្ពង់ខ្ពស់ និងអ្នកផ្សេងជាច្រើនបន្ថែមទៀតដើម្បីរក្សាសន្តិភាព។
គួរបញ្ជាក់ថា នយោបាយ ឈ្នះ ឈ្នះ គឺជាយុទ្ធសាស្ត្រនយោបាយដ៏សំខាន់មួយ ដែលសម្តេចតេជោ ហ៊ុន សែន អតតីនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញ ដើម្បីធ្វើអោយផ្តួលរលំអង្គការចាត់តាំងរបស់ខ្មែរក្រហម ដែលតស៊ូតាមព្រៃជាយដែនខ្មែរ-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងប៉ៃលិនជាដើម ។ ហើយនយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍ជូនប្រជាជនកម្ពុជា។
ទន្ទឹមនឹងនេះ កម្ពុជា ក៏បានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជាទិវានយោបាយឈ្នះ ឈ្នះ បញ្ចូលទៅក្នុងប្រតិទិនប្រចាំឆ្នាំ ធ្វើឡើងដើម្បីបង្ហាញពីការដឹងគុណកត្តញ្ញូ និងចងចាំគុណូបការៈដ៏ថ្លៃថ្លាដល់វីរៈភាពស្នាដៃរបស់វីរៈជន ដែលបានលះបង់បូជាជីវិត និងភាពឈ្លាសវៃរបស់ ថ្នាក់ដឹកនាំ ក្នុងការស្វែងរកសុខ សន្តិភាព ជូនប្រទេសជាតិ។ ដោយឡែកដើម្បីបង្ហាញពីការដឹងគុណនេះ វិមានអនុស្សាវវរីយ៍នយោបាយឈ្នះ-ឈ្នះ ក៏ត្រូវបានកសាងសង់ឡើង នៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងបានសម្ពោធបើកជាសាធារណៈកាលចុងខែធ្នូ ឆ្នាំ២០១៨៕ អត្ថបទ៖ ពុទ្ធិកា