ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានបញ្ជាក់ច្បាស់ថា មិនមានការបិទហែរទីងមោងឡើយ ព្រមទាំងលើកទឹកចិត្តដល់អ្នកគ្រប់គ្រងទីងមោងទាំងអស់ សូមរក្សារបៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ និងតុបតែងទីងមោងឱ្យបានស្អាត ដោយរក្សានូវវប្បធម៌ប្រពៃណីខ្មែរយើង ដើម្បីឈានដល់ការប្រឡងប្រណាំងនាថ្ងៃខាងមុខ។
ការបញ្ជាក់នេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមផ្សេងៗ នៃការហែរទានព្រះវស្សា អមដោយការហែរទីងមោង សំដៅធ្វើយ៉ាងណាឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ និងដើម្បីរក្សាគុណតម្លៃសិល្បៈវប្បធម៌របស់ខ្មែរយើង ជាមួយព្រះគ្រូអនុគណស្រុក ព្រះចៅអធិការវត្ត ព្រះសង្ឃ គណៈកម្មការ និងអ្នកគ្រប់គ្រងទីងមោង ក្នុងស្រុកស្អាង កាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាស្រុកស្អាង។
ជាមួយគ្នានេះដែរ ឯកឧត្ដមអភិបាលខេត្ត បានណែនាំក្រុមការងារថ្នាក់ខេត្ត និងអ្នកពាក់ព័ន្ធ ត្រូវសិក្សាអោយបានច្បាស់ពីប្រវត្តិ និងរចនាបថរបស់ទីងមោង ដើម្បីចងក្រងទុកជាឯកសារ ជៀសវាងការរចនារូបទីងមោងដែលប្រាសចាកពីទម្រង់ និងរចនាបថរបស់ខ្មែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងធម្មការនិងសាសនា បានបញ្ជាក់ថា គ្មានការហាមប្រាមការដង្ហែទីងមោង ដែលជាប្រពៃណីរបស់ប្រជាជនឬពុទ្ធសាសនិក កម្ពុជាដូចការចុះផ្សាយនោះទេ។ ការដង្ហែទីងមោងត្រូវធ្វើឱ្យមានសណ្តាប់ធ្នាប់និងរបៀបរៀបរយ ពោលគឺ ការរចនាទីងមោងត្រូវធ្វើតាមរចនាប័ថ្មខ្មែរ ដើម្បីរក្សាគុណតម្លៃសិល្បៈវប្បធម៌របស់ខ្មែរយើង ព្រោះថា នៅតាម តំបន់ឬនិគមមួយចំនួន ការរចនារូបទីងមោងបានប្រាសចាកពីទម្រង់និងរចនាប័ទ្ទរបស់ខ្មែរ ដោយអ្នកខ្លះរចនា ជារូបក្មេងទំនើង រូបមនុស្សកាន់កំប៉ុងស្រាបៀរ រូបអាសអាភាស ឬប្រើប្រាស់ឧបករណ៍ភ្លេងមិនសមស្រប ជាដើម។ មិនតែប៉ុណ្ណោះ នៅតាមតំបន់មួយចំនួនទៀត គេបានប្រែក្លាយការដង្ហែទីងមោង ទៅជាចាក់ធុងបាស់ ទៅវិញ។
ដោយមានការយល់ច្រឡំនិងទទួលព័ត៌មានមិនច្បាស់លាស់ សារព័ត៌មានឬបណ្តាញសង្គមមួយចំនួន បានយករឿងនេះទៅផ្សព្វផ្សាយ ដោយប្រាសចាកពីខ្លឹមសារដើម ដែលធ្វើឱ្យសាធារណមតិមួយចំនួនមានការ យល់ច្រឡំ៕
អត្ថបទ៖ ពុទ្ធិកា