ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាល បានគ្រប់គ្រង និងប្រើប្រាស់បំណុលសាធារណៈ យ៉ាងមានប្រសិទ្ធភាព ដែលក្នុងនោះ ភាគច្រើននៃកម្ចីដែលទទួលបាន មានលក្ខណៈជាសម្បទាន និងត្រូវបានប្រើប្រាស់សម្រាប់អភិវឌ្ឍវិស័យអាទិភាព ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចរយៈពេលវែងប្រកប ដោយចីរភាពនិងបង្កើនផលិតភាពសេដ្ឋកិច្ច។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ (គ.ជ.អ.ស) ថ្លែងក្នុងកិច្ចពិគ្រោះយោបល់គោលនយោបាយលើរបាយការណ៍សេដ្ឋកិច្ច និងសង្គមនៅក្នុងតំបន់អាស៊ី និង ប៉ាស៊ីហ្វិកឆ្នាំ២០២៤ ដែលរៀបចំដោយគណៈកម្មាធិការជាតិអេស្តាប់ និងគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិករបស់អង្គការសហប្រជាជាតិ (UN-ESCAP) ប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នាសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។
ឯកឧត្តមបានគូសបញ្ជាក់ថា អស់រយៈពេលជាង ១១ខែ រាជរដ្ឋាភិបាលបានដាក់ចេញនូវគំនិតផ្តួចផ្តើម ជាច្រើនជាពិសេស លើវិស័យសុខាភិបាល ការបណ្តុះបណ្តាលវិជ្ជាជីវៈ សុខុមាលភាព ការងារ ការដោះស្រាយ ទំនាស់ សកម្មភាពអាកាសធាតុ និងផ្សេងៗទៀត។ រាជរដ្ឋាភិបាលកម្ពុជាបន្តប្ដេជ្ញាថានឹង “មិនទុកនរណាម្នាក់ ចោល” និងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីជួយដល់ក្រុមដែលខ្វះខាត និងងាយរងគ្រោះ ដើម្បីធានាឱ្យ ប្រជាជនទាំងអស់ទទួលបានអត្ថប្រយោជន៍ពីវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចបាននូវ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា។
ឯកឧត្តមបានបន្ថែមថា ដំណាក់កាលទីមួយនៃយុទ្ធសាស្ត្របញ្ចកោណ ដែលបាននិងកំពុងអនុវត្តបានផ្តល់នូវអត្ថប្រយោជន៍ចំពោះប្រជាពលរដ្ឋ ជាពិសេសចំពោះប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ។ ជីវភាពរស់ នៅរបស់ពួកគាត់បានប្រសើរឡើង ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវឋានៈ ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឋានៈប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០៕