ក្នុងដំណើរទស្សនកិច្ចនៅប្រទេសថៃ និងដំណើរទស្សនកិច្ចទៅខេត្តអយុធ្យា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជាាបានទទួលសំណូមពរពីអភិបាលខេត្តអយុធ្យា ក្នុងការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តអយុធ្យាជាមួយខេត្តណាមួយរបស់កម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ សម្តេចរដ្ឋសភាធិបតី បានស្វាគមន៍ចំពោះសំណូមពរនេះ និងបានជម្រាបជូនទៅភាគីថៃថា នឹងពាំនាំសំណូមពរនេះជូនរាជរដ្ឋាភិបាលកម្ពុជា។
សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាទៅបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅព្រះរាជាណាចក្រថៃ ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្ដម វ៉ាន់មូហាម៉ាត់ណ័រ មៈថា (H.E. Mr. Wanmuhamadnoor Matha) ប្រធានសភាតំណាងរាស្ត្រ និងជាប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ ក្នុងគោលបំណងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងស្មារតីភាពជាអ្នកជិតខាងល្អចំណងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រ ក៏ដូចជាបន្តជំរុញបន្ថែមទៀតនូវវឌ្ឍនភាព និងកាលានុវត្តភាព នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរដែលមានស្រាប់ ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅនៅគ្រប់កម្រិត៕