នៅក្នុងសេចក្តីជូនដំណឹង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំដល់សាធារណៈជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុន ដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ នៅតំបន់ការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីចាក់អង្រែក្រោម-ព្រែកប្រា ដើម្បីជៀសវាងឧបទ្ទវ ហេតុកើតឡើងជាយថាហេតុ ដោយសារក្នុងអំឡុងពេលនេះ នៅតំបន់ការដ្ឋាន គឺផ្លូវនាវាចរណ៍រួមតូច ដែលអាចរំខានដល់ការធ្វើនាវាចរណ៍។
ដើម្បីធានាបាននូវសុវត្ថិភាពរបស់នាវាចរណ៍ ដែលធ្វើដំណើរតាមដងទន្លេបាសាក់ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានណែនាំ ឲ្យបន្ថយល្បឿននាវា និងបើកបរនៅក្នុងចន្លោះសុវត្ថិភាពដែលមានផ្លាក និងពោងសញ្ញាបង្ហាញ។ រក្សាចម្ងាយសុវត្ថិភាពបើកបរឱ្យបានគ្រប់គ្រាន់ ជាពិសេសនៅរដូវវស្សាដែលមានចរន្តទឹកហូរ និងគួចខ្លាំង ដើម្បីជៀសវាងហានិភ័យនៃការប៉ះទង្គិចពេលឆ្លងកាត់ច្រករួមតូច ឬនៅជិតការដ្ឋានសាងសង់។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់អាទិភាពដល់នាវារបស់ការដ្ឋានសាងសង់ និងអនុវត្តតាមការផ្តល់សញ្ញា និងការណែនាំពីបុគ្គលិក ការដ្ឋានសាងសង់ស្ពាន។ ក្នុងចម្ងាយ ៥០០ម៉ែត្រ ពីការដ្ឋានសាងសង់ មិនអនុញ្ញាតឱ្យនាវាបោះយុថ្កា ឈប់សំចត ឬស្នាក់នៅ។នាវាធ្វើដំណើរឆ្លងកាត់តំបន់សាងសង់ ត្រូវតែធ្វើចរាចរណ៍ទៅតាមទីតាំងដែលបានកំណត់ ។ និងហាមបើកបរវ៉ាជែងគ្នា និងល្បឿនលឿនបណ្តាលឱ្យមានរលកខ្លាំង ហើយត្រូវរក្សាគម្លាតសុវត្ថិភាពពីគ្នា ក្នុងចម្ងាយ ៥០០ម៉ែត្រ ។
ក្រសួងក៏ស្នើសូមសាធារណៈជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងយកចិត្តទុកដាក់ការធ្វើនាវាចរណ៍ឆ្លងតំបន់សាងសង់ស្ពាន។
គួរបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ពីចាក់អង្រែក្រោម-ព្រែកប្រា គឺស្ថិតភូមិសាស្ត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងត្រើយខាងកើត ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ស្ពាននេះ ប្រវែងសរុប ១៦៥០ ម៉ែត្រ ទទឹង ២៧ម៉ែត្រ ហើយគ្រោងចំណាយថវិកាសាងសង់ប្រមាណ ៦០លានដុល្លារអាមេរិក និងគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៧ ៕