សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំប្រជុំពិនិត្យ និងពិភាក្សាលើរបាយការបណ៍អំពីលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅវិមានសន្តិភាព នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ នេះជាកិច្ចប្រជុំលើកដំបូងប្រចាំឆមាសទី១ នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ដើម្បីត្រួតពិនិត្យលទ្ធផលការងារ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ចាត់ទុកការចុះបំពេញការងារនៅតាមមូលដ្ឋាន ជារបៀបរបបការងារដ៏សំខាន់ និងចាំបាច់។ យោងលើភាពចាំបាច់ និង លទ្ធផលល្អប្រសើររយៈពេលកន្លងមក រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានសម្រេចបន្តរក្សាយន្តការក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ព្រមទាំងបានកែសម្រួលសមាសភាព ឱ្យស្របតាមស្ថានភាពជាក់ស្តែង។
គួរបញ្ជាក់ថា ចាប់ពីអាណត្តិទី៥ មក រាជរដ្ឋាភិបាល បានបង្កើត ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះជា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ក្នុងគោលដៅ ជំរុញការផ្សព្វផ្សាយ និងជំរុញការអនុវត្តកម្មវិធីនយោបាយ, ក្របខ័ណ្ឌយុទ្ធសាស្ត្រ, និងកម្មវិធីនៃការកែទម្រង់ ព្រមទាំងវិធានការគន្លឹះនានា របស់រាជរដ្ឋាភិបាល , ផ្សារភ្ជាប់រវាងមន្ត្រីសាធារណៈ និងមូលដ្ឋាន ដើម្បីបង្កើនសាមគ្គីភាព និង កិច្ចសហការប្រកបដោយជវភាព ,ស្វែងយល់ និងវាយតម្លៃពីស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន និងចូលរួមដោះស្រាយបញ្ហាជាក់ស្តែងនៅនឹងកន្លែង ឱ្យបានទាន់ពេល និង ប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ។